(អាស៊ាន)៖ ម៉ាឡេស៊ី ប្រទេសម្ចាស់ផ្ទះសំរាប់កិច្ចប្រជុំអាស៊ានឆ្នាំ២០១៥ បានកំពុងបញ្ចុះបញ្ចូល បណ្តាប្រទេសសមាជិកអាស៊ានដ៏ទៃទៀត (៦ប្រទេស) ឲ្យនាំគ្នាដូរម៉ោងឲ្យដូចប្រទេសរបស់ខ្លួន។​ ប្រទេសចំនួន៤៖ កម្ពុជា វៀតណាម ឡាវ ថៃ ត្រូវដូរ១ម៉ោង ឲ្យលឿនជាងមុន រីឯភូមាត្រូវដូរដល់ទៅ១ម៉ោងកន្លះ ចំណែកឯឥណ្ឌូណេស៊ីវិញ ត្រូវដូរដោយមានថែម១ម៉ោង និងថយ១ម៉ោង អាស្រ័យទៅតាមតំបន់ក្នុងប្រទេសរបស់ខ្លួន ។​​

សំណើរឲ្យមានការដូរម៉ោងឲ្យដូចគ្នា ឬ ម៉ោងអាស៊ានតែមួយ (Asean Common Time = ACT) ត្រូវបានស្នើឡើងជាផ្លូវការ ដោយប្រទេសម៉ាឡេស៊ី កាលពីខែមករាកន្លងទៅនេះ ហើយម៉ាឡេស៊ីចង់ឲ្យថ្នាក់​ដឹកនាំអាស៊ានទាំងអស់ អនុម័តនៅចុងខែនេះ ពោលគឺក្នុងអំឡុងពេលប្រជុំកំពូលអាស៊ានលើកទី២៦ នៅទីក្រុងកូឡាឡាំពួរ ដោយទាញហេតុផលថា៖

១. ជានិមិត្តរូប នៃសមាហរណកម្មអាស៊ាន ឆ្នាំ២០១៥
២. ដើម្បីផលចំណេញដល់ផ្នែកសេដ្ឋកិច្ច ធនាគារ អាជីវកម្មផ្នែកផ្សារភាគហ៊ុន សេវាដឹកជញ្ជូន និងសេវាអាកាសចរជាដើម
៣. សំរួលដល់ការទំនាក់ទំនងគ្នា រវាងស្ថាប័ន និងស្ថាប័ន រដ្ឋាភិបាល និង រដ្ឋាភិបាលក្នុងបណ្តាប្រទេសទាំង១០
៤. ងើបធ្វើការ និងរកស៊ីឲ្យទាន់ប្រទេសចិន និងហុងកុង
៥. បង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រទេសទាំង១០ ។ល។

នរណានាំអាទិ៍ដូរម៉ោងមុនគេ​ ?​
អ្នកដែលនាំអាទិ៍ដូរមុនគេគឺ ប្រទេសកោះសិង្ហបុរី ដែលកាលណោះនាយករដ្ធមន្ត្រី ហ្គោ ចុកតុង (Goh Chok Tong) បានលើកបញ្ហានេះនៅឆ្នាំ១៩៩៥ ហើយ១០ឆ្នាំក្រោយមក ពេលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះប្រជុំអាស៊ាននៅឆ្នាំ២០០៥ ម៉ាឡេស៊ី ក៏លើករឿងនេះមកនិយាយដែរ តែមិនទាន់មានការជជែកគ្នាស៊ីជំរៅនៅឡើយ។ ​ឥឡូវនះចូលដល់ ខួប១០ឆ្នាំក្រោយ ម៉ាឡេស៊ីចាប់ផ្តើមលើកម្តងទៀតចំពេលខ្លួនធ្វើម្ចាស់ផ្ទះ។ ​

ឫសគុលដែលនាំឲ្យសិង្ហបុរី និងម៉ាឡេស៊ីគិតដល់ការដូរម៉ោងគឺជាទស្សនៈវិស័យសេដ្ឋកិច្ចដ៏វែងឆ្ងាយមួយ ឬនិយាយមួយបែបសិង្ហបុរី និងម៉ាឡេស៊ី មិនចង់ឲ្យចាញ់ប្រទេសចិន និងហុងកុង ព្រោះម៉ោងនៅចិន និងហុងកុងដើរលឿន១ម៉ោងមុន ប្រទេសសជាមាជិកអាស៊ានមួយចំនួន ដែលជាបច្ច័យធ្វើឲប្រទេសចិន ឬប្រជាជនរបស់គេអាចធ្វើការ ឬរកស៊ីចំណេញ១ម៉ោងមុនអាស៊ាន។​

ប្រទេស១០ ម៉ោងខុសគ្នា ៤

ជាទូទៅប្រទេសនីមួយៗតែងយកម៉ោងសាកលមកប្រៀបធៀបគ្នាគឺ Greenwich Mean Time (GMT)។ ប្រទេសឥណ្ឌូណេស៊ីខុសគេខុសឯងក្នុងចំណោមសមាជិកអាស៊ានទាំង១០ ព្រោះមានម៉ោងដល់ទៅ៣ (ភាគខាងកើត កណ្តាល និងខាងលិច)។​
GMT + 6:30    ភូមា
GMT + 7        កម្ពុជា, វៀតណាម, ថៃ, ឡាវ, ឥណ្ឌូនេស៊ី (ភាគខាងលិច)
GMT + 8        ម៉ាឡេស៊ី, សិង្ហបុរី, ព្រុយណេ, ហ្វីលីពីន​, ឥណ្ឌូនេស៊ី (ភាគកណ្តាល)
GMT + 9        ឥណ្ឌូនេស៊ី (ភាគខាងកើត)

ប្រទេសណាខ្លះជំទាស់?

ភូមា​ និងថៃនៅស្ទាក់ស្ទើរមិនទាន់គាំទ្រនៅឡើយទេ ដោយសារតែភូមាត្រូវដូរដល់ទៅ១ម៉ោងកន្លះឯណោះ រីឯថៃវិញគេទាញហេតុផលថាគេត្រូវការពេលវេលាយូរបន្ថែមទៀតដើម្បីសិក្សា ក្នុងនោះអាចរួមទាំងធ្វើប្រជាមតិផង ព្រោះការដូរម៉ោងអាចប៉ះពាល់ដល់ប្រជាពលរដ្ថ។​ បន្ថែមលើនេះ ថៃផ្តល់ហេតុផលថាៈ

១. បើដូរដោយថែម១ម៉ោង (GMT+8) ហេតុដូចម្តេចក៏មិនប្តូរថយមកក្រោយ១ម៉ោងវិញ (GMT+7) ព្រោះចំនួនពលរដ្ឋ និងប្រទេសដែលជាសមាជិកអាស៊ានប្រកាន់យក (GMT+7) មានចំនួនច្រើនជាង?
២.​ បើគិតអំពីផ្សារភាគហ៊ុន ឬសេវាអាកាសចរ ហេតុអ្វីក៏មិនប្តូរម៉ោងប្រតិបត្តឲ្យត្រូវគ្នា ជាជាងដូរម៉ោងរបស់ប្រទេសទាំងមូល?​
៣. ការដូរម៉ោងខុសពីទំលាប់បែបនះ អាចប៉ះពាល់ដល់សរីរាង្គរបស់មនុស្ស និងជីវភាពរស់នៅប្រចាំថ្ងៃ​ ។ល។

យ៉ាងណាក៏ដោយចុះ នេះជាការពន្យល់មួយបែបរបស់ភាគីថៃ ហើយយើងអាចយល់បានថា ដោយសារប្រទេសថៃបច្ចុប្បន្នគ្រប់គ្រងដោយរបបយោធា ដូច្នេះអ្នកដឹកនាំអនុវត្តនយោបាយដែលត្រូវតែបញ្រ្ចាស់ទិសជាមួយលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្រ្តីរបស់ថៃ ដែលធ្លាប់បានលើក និងស្នើឲ្យ​ដូរម៉ោងនៅប្រទេសថៃម្តងរួច ហើយកាលពីឆ្នាំ២០០៣ គឺដូរឲ្យលឿនទៅមុខមុន១ម៉ោងក្នុងបំណងផលប្រយោជន៏សេដ្ឋកិច្ចដល់អ្នកវិនិយោគ និងផ្នែកផ្សារភាគហ៊ុន តែការស្នើរបស់លោកថាក់ស៊ីន ត្រូវបានបរាជ័យនៅពេលនោះ។​ ការជំទាស់របស់ថៃនៅពេលនេះ ក៏អាចជាហេតុផលមួយបែបទៀតថា ថៃចង់ឌឺឲ្យម៉ាឡេស៊ីថា ទោះបីជាប្រទេសខ្លួនមិនដូរម៉ោងក៏ដោយ ក៏សេដ្ឋកិច្ចថៃនៅតែដើរទៅមុខមិនចាញ់ ម៉ាឡេស៊ីដែរ។​

តើកម្ពុជាមានជំហរយ៉ាងណា?

មតិរបស់មន្រ្តីជំនាញភាគច្រើន បានសំដែងការគាំទ្រឲ្យដូរតាមសំណើររបស់ម៉ាឡេស៊ី ប៉ុន្តែការសំរេចយ៉ាងណានោះ អាស្រ័យលើបុរសខ្លាំងរបស់កម្ពុជា ឬព្រះឥន្ទ។​

សំរាប់អ្នកប្រតិបត្តិសាសនាៈ ព្រះពុទ្ធប៉ះ, ម៉ូស្លីមរួចខ្លួន

បើសិនជាអនុវត្តម៉ោងអាស៊ានរួមមែន អ្នកប្រតិបត្តិសាសនាព្រះពុទ្ធ ដូចជាព្រះសង្ឃ ត្រូវចេញបិណ្ឌបាត និងឆាន់លឿនជាងមុន១ម៉ោង ដោយឡែកសំរាប់អ្នកកាន់សាសនា ឥស្លាមមិនប៉ះពាល់ទេ ព្រះគេមិនគិតអំពីម៉ោងជាចំបង ប៉ុន្តែគេគិតអំពីពេលព្រះអាទិត្យរះ និងពេលព្រះអាទិត្យលិច ឬពន្លឺព្រះអាទិត្យ។​

តាមការប្រមើលមើល​ សំណើររបស់ប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ស្តីពី «ម៉ោងអាស៊ានតែមួយ» ប្រហែលជាបរាជ័យ ព្រោះពុំអាចរកកុងសង់ស៊ីស (ឯកច្ឆន្ទ) ពីប្រទេសទាំង១០បានទេ៕

អត្តបទព័ត៌មានទាំងនេះ យោងតាម Facebook Page របស់លោក ពុយ គា ដែលជាអ្នកឆ្លើយឆ្លងឲ្យទីភ្នាក់ងារក្យូដូរ របស់ជប៉ុន និងជាអ្នកតាមដានព័ត៌មាន និងកិច្ចការអាស៊ាន ជាង១ទសវត្សកន្លះចុងក្រោយនេះ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com