(ព្រះសីហនុ)៖ ជារៀងរាល់ថ្ងៃក្នុងអំឡុងម៉ោងចូលធ្វើការ និងចេញពីការងារ មានរថយន្តនិងមនុស្សម្នាជាច្រើនធ្វើដំណើរចេញចូល ឆ្លងកាត់តាមមហាវិថីសម្ដេច ហ៊ុន សែន ដែលជាផ្លូវសំខាន់ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពិតជាមានទិដ្ឋភាពអស្ចារ្យណាស់ ខណៈដែលកម្មករប្រមាណ ៣២,០០០នាក់ បានប្រើប្រាស់ដៃដ៏ឧស្សាហ៍ទាំងពីរ ដើម្បីត្បាញក្តីសុបិនរបស់ខ្លួន បោះជំហានដ៏រឹងមាំដើម្បីទទួលបានសុភមង្គលគង់វង្ស។
លោកស្រី សំ ស៊ីនួន ជាកម្មករមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលើកឡើងថា «ខ្ញុំបានលឺថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានឱកាសការងារ ខ្ញុំក៏បានមកចុះឈ្មោះ រោងចក្របានផ្តល់ការបណ្តុះបណ្តាលជំនាញ ខ្ញុំបានរៀនចេះកាត់ដេរ។ ឥឡូវនេះ ខ្ញុំមិនត្រឹមតែមានជំនាញមួយប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានប្រាក់ចំណូលដែលមានស្ថិរភាពជាប្រចាំខែផងដែរ»។ លោកស្រី ជាអ្នកភូមិពូធឿងរស់នៅជុំវិញតំបន់សេដ្ឋកិច្ចពិសេស គាត់បានធ្វើការក្នុងរោងចក្រកាត់ដេរមួយ ក្នុងតំបន់សេដ្ឋកិច្ចពិសេសអស់រយៈពេល១១ឆ្នាំហើយ។
មុនពេលចូលធ្វើការក្នុងរោងចក្រគ្រួសាររបស់លោកស្រី បានពឹងផ្អែកលើការដាំបន្លែ និងដាំស្រូវដើម្បីចិញ្ចឹមជីវិតទាំងលំបាក ថ្វីត្បិតតែប្តីរបស់គាត់ជាកម្មករសំណង់ក៏ដោយ ប៉ុន្តែប្រាក់ចំណូលមិនមានស្ថេរភាពទេ ជីវភាពរស់នៅរបស់គ្រួសារមានការលំបាកជាខ្លាំង។
ការអភិវឌ្ឍសាងសង់របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនត្រឹមតែធ្វើឱ្យលោកស្រី រួចផុតពីជើងជាន់ភក់ ខ្នងបែរទៅព្រះអាទិត្យដ៏ក្ដៅគគុកប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើនប្រាក់ចំណូលរបស់ស្វាមីគាត់ដោយប្រយោលទៀតផង។
បន្ទាប់ពីការអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេស, តំបន់នេះបានញ៉ាំងឱ្យភូមិជុំវិញមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា អ្នកដែលរស់នៅក្នុងភូមិសាងសង់ផ្ទះថ្មីកាន់តែច្រើនឡើងៗ ហើយជំនាញការងារសំណង់របស់ប្តីលោកស្រី ក៏អាចបញ្ចេញប្រើប្រាស់ដើម្បីរកចំណូលបានផងដែរ។
ដោយការខិតខំប្រឹងប្រែងរួមគ្នារបស់គូស្វាមីភរិយាមួយគូនេះ ពួកគាត់បានសម្រេចបំណងប្រាថ្នាពីមុន មិនត្រឹមតែទិញបានម៉ូតូប៉ុណ្ណោះទេ ថែមទាំងបានកែប្រែផ្ទះឈើចាស់ទៅជាផ្ទះថ្មដ៏រឹងមាំផងដែរ។ នៅពេលនិយាយអំពីការផ្លាស់ប្តូរទាំងអស់នេះ លោកស្រី សំ ស៊ីនួន បានបង្ហាញពីភាពរីករាយក្រៃលែង ដែលទទួលបានលទ្ធផលជាទីគប់ចិត្តពីសមិទ្ធផលការងាររបស់ខ្លួន។
បើតាមលោក មាច ចាន់ ចៅសង្កាត់បិតត្រាំងដែលគ្រប់គ្រងភូមិពូធឿង បានឱ្យដឹងថា ប្រជាជនភាគច្រើននៅទីនេះ ធ្លាប់ជាកសិករ ចិញ្ចឹមជីវិតដោយការធ្វើស្រែ និងនេសាទ។បន្ទាប់ពីការបង្កើតនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើងយ៉ាងខ្លាំង។ ឥឡូវនេះ មាន៨០% នៃប្រជាពលរដ្ឋនៅក្នុងសង្កាត់បិតត្រាំងយើងខ្ញុំ បានកំពុងធ្វើការក្នុងតំបន់សេដ្ឋកិច្ចពិសេស។ លោក បានបន្តថាអ្វីដែលធ្វើឱ្យលោករំភើបចិត្ត នោះគឺការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យរូបរាងទាំងមូលនៃសង្កាត់បិតត្រាំងក៏ត្រូវបានកែលម្អថ្មី។
ជាមួយគ្នានេះ លោកស្រី សំ ស៊ីនួន បានរៀបរាប់ថា «កាលពីមុន មានតែគ្រួសារមួយចំនួនប៉ុណ្ណោះនៅក្នុងភូមិ ដែលមានជីវភាពរៀងល្អប្រសើរ អាចមានលទ្ធភាពប្រើប្រាស់អាគុយដើម្បីផ្គត់ផ្គង់អគ្គិសនី ក្រៅពីនេះគ្រួសារធម្មតា និងគ្រួសារយើងខ្ញុំ គឺពឹងផ្អែកលើទៀននិងចង្កៀងប្រេងកាតសម្រាប់បំភ្លឺ»។
សូមជម្រាបថា សព្វថ្ងៃនេះ ភូមិពូធឿងមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ គ្រប់គ្រួសារបានតភ្ជាប់ទឹក និងអគ្គិសនីរដ្ឋដើម្បីប្រើប្រាស់ ផ្លូវភក់ក្នុងភូមិក៏ត្រូវបានប្រែក្លាយទៅជាផ្លូវប៉េតុង ដែលធ្វើឱ្យជីវភាពអ្នកភូមិកាន់តែមានភាពងាយស្រួល។
នៅពេលដើរចូលទៅក្នុងភូមិបិតត្រាំងបច្ចុប្បន្ននេះ អ្នកនឹងឃើញហាងជាច្រើនរួមមានទាំង ឱសថស្ថាន ហាងលក់ទូរស័ព្ទ ហាងលក់ភេសជ្ជៈ ហាងលក់សំលៀកបំពាក់ ហាងកាត់សក់ និងយានដ្ឋានលាងរថយន្ត សេវាកម្ម រស់នៅគ្រប់បែបយ៉ាងដែលបំពេញតាមតម្រូវការអ្នកភូមិទាំងស្រុង។ ការណ៍នេះ បានញ៉ាំងឱ្យភូមិបិតត្រាំង ក្លាយទៅជាសហគមន៍ដ៏ទំនើបមួយ ដែលមានយានជំនិះធ្វើដំណើរចេញចូល អគារថ្មចម្រុះពណ៌ បញ្ចេញពន្លឺក្រោមព្រះអាទិត្យ។
នៅទីនេះ «ថាមពលនិងក្តីសង្ឃឹម» បានឆ្លុះបញ្ចាំងនៅលើផ្ទៃមុខប្រកបដោយស្នាមញញឹមរបស់មនុស្សគ្រប់រូប។
តើសុភមង្គលជាអ្វី? សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន «សុភមង្គល» គឺជាការផ្លាស់ប្តូរពីផ្ទះចាស់ទៅផ្ទះថ្មី ពីក្តីសុបិនប្រែក្លាយជាការពិតម្ដងមួយៗ ដែលភ្ជាប់មកជាមួយស្នាមញញឹមជាមួយភាពរីករាយនិងភាពស្កប់ស្កល់។
ក្រោមគោលគំនិតអភិវឌ្ឍន៍ «រួមគ្នាឈ្នះទាំងប្រាំបីភាគី» តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តែងតែប្រកាន់ខ្ជាប់តាមការអភិវឌ្ឍ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងតាមរយៈសកម្មភាពជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេស បានត្រួសត្រាយផ្លូវដ៏ធំទូលាយមួយ ឆ្ពោះទៅរកសុភមង្គលដើម្បីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយវាបានក្លាយទៅជា «ចានបាយមាស» សម្រាប់មនុស្សគ្រប់រូប ដើម្បីក្លាយជាអ្នកមានតាមរយៈការខិតខំប្រឹងប្រែងបំពេញការងាររបស់ពួកគេ៕