(រតនគិរី)៖ ប្រជាពលរដ្ឋច្រើនគ្រួសារជាពិសេសជនជាតិភាគតិច រស់នៅស្រុកវ៉ើនសៃ បានស្នើសុំរដ្ឋាភិបាលជួយសាងសង់ស្ពានឆ្លងកាត់ទន្លេសេសាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម។
បន្ថែមលើនេះ បងប្អូនប្រជាពលរដ្ឋដែលភាគច្រើនជនជាតិភាគតិច ស្នើម្ចាស់កំពង់ចម្លង អនុគ្រោះចំពោះសិស្សានុសិស្សដែលមានមធ្យោបាយដូចជាកង់ ម៉ូតូ ពោលគឺកុំយកថ្លៃសេវាធ្វើដំណើររបស់សិស្សសាលាតែម្តង។ នេះជាការស្នើសុំរបស់បងប្អូនជនជាតិដើមភាគតិចដូចជាកាវ៉ែត, ព្រៅ, គ្រឹង, ទំពួន និងកាចក់ ដែលកំពុងរស់នៅឃុំប៉ាកកាឡាន់, ឃុំវ៉ើនសៃ និងឃុំកុកឡាក់។
ពួកគាត់ត្អូញត្អែពីការចំណាយច្រើនទៅលើដឹកជញ្ជូនទំនិញកសិកម្មទៅលក់លើទីផ្សារតាមរយៈម៉ូតូ តាមរថយន្តការឆ្លងកាត់ទៅមកប្រចាំថ្ងៃ និងថ្លៃចំណាយទៅលើកូនៗ ដែលឆ្លងដរទៅរៀននៅវិទ្យាល័យវីរៈជ័យនៅឯត្រើយម្ខាងទៀត។
លោកស្រី ផេង ចរិយា រស់នៅឃុំប៉ាក់កាឡាន់បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះថា គាត់តំណាងឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកម្រាមដៃ១០ សំណូមពរដល់ប្រមុខថ្នាក់ដឹកនាំកម្ពុជាជួយសាងសង់ស្ពានបាឡេ ឫស្ពានឆ្លងកាត់ទន្លេសេសាន្តប្រវែងប្រមាណ៣០០ម៉ែត្រ ដើម្បីលើកកម្ពស់ជីវភាពពួកគាត់ឲ្យបានប្រសើរឡើង។ លោកស្រីបន្តថា នៅពេលមានស្ពានប្រជាពលរដ្ឋធ្វើដំណើរទៅមកមានភាពងាយស្រួល កាត់បន្ថយការចំណាយលើការដឹកជញ្ជូនកសិផល ដំឡូងមី គ្រាប់ស្វាយចន្ទី សិស្សសាលាទៅរៀន និងការជួញដូរផលិតផលផ្សេងៗទៅកាន់ទីផ្សារ។
ទន្ទឹមនេះដែរ លោកស្រី ផេង ចរិយា បង្ហាញការជឿជាក់ថា បើនៅតំបន់នេះមានស្ពានឆ្លងកាត់ នឹងជួយបង្កើនភ្ញៀវទេសចរ ទៅកំសាន្តនៅតំបន់ឧទ្យានជាតិវិរៈជ័យ និងទីកន្លែងទេសចរណ៍ជាច្រើនទៀត ដែលជាស្នូលសេដ្ឋកិច្ច សម្រាប់រាជរដ្ឋាភិបាលទៅលើវិស័យទេសចរណ៍ក្នុងស្រុកផងដែរ។
សូមបញ្ជាក់ផងដែរថា ចម្ងាយផ្លូវពីស្រុកវ៉ើនសៃ មកក្រុងបានលុង ខេត្តរតនគិរីមានប្រវែងប្រមាណ៤៩គីឡូម៉ែត្រ ដោយផ្លូវក្រាលគ្រួសក្រហម បើនៅរដូវប្រាំងមានធូលីហុយខ្លាំង និងនៅរដូវវស្សាមានគ្រឡុកច្រើនកន្លែង រអិលបែកភក់ ដែលកត្តាទាំងនោះបង្កការរំខានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ជាពិសេសតាមទូកចម្លងពីត្រើយម្ខាងទៅត្រើយម្ខាងទៀតឆ្លងកាត់ទន្លេសេសាន្ត៕