(ស្ទឹងត្រែង)៖ លោកអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញគោរពវិញ្ញាណក្ខន និងជូនដំណើរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមធ្វើមាតុភូមិនិវត្តន៍ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅមុខស្តូបមិត្តភាព កម្ពុជា វៀតណាម (ខេត្តស្ទឹងត្រែង)។
លោកស្រី កែវ សាវឿន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តស្ទឹងត្រែង បានចុះហត្ថលេខា ជាមួយលោកស្រី ង្វៀន ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការ ជំនាញរុករកអដ្ឋិធាតុខេត្ត យ៉ា ឡាយ លើកំណត់ហេតុ ប្រគល់ទទួលអដ្ឋិធាតុចំនួន៩ ក្នុង រដូវប្រាំងឆ្នាំ២០២៤ - ២០២៥ ។
ថ្នាក់ដឹកនាំ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង បានចូលរួមក្នុងពិធីជូនដំណើរនេះ ជាមួយការថ្លែង របស់លោកស្រី កែវ សាវឿន ដែលមានខ្លឹមសារ អបអរសាទរ កោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់កំលាំងភាគីខេត្ត យ៉ា ឡាយ (វៀត ណាម) ក្រុមការងារ K52 ជាមួយគណៈកម្មការ។
បញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្ននេះ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងមន្រ្តីជំនាញការ វៀតណាម ខេត្តយ៉ាឡាយ ដែលបានពលីនៅទឹកដីខេត្តស្ទឹងត្រែង មានចំនួន៤២៨អដ្ឋិធាតុ បានរកឃើញនិងគាស់ នៅឆ្នាំ២០០២ និងធ្វើមាតុភូមិនិវត្តន៍ ហើយក្រុមការងារK52 សហការជាមួយក្រុមការងារជំនាញខេត្តស្ទឹងត្រែង បានធ្វើពិធីជូនដំណើរចំនួន៩ អដ្ឋិធាតុ បន្ថែមទៀត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។
លោកស្រី កែវ សាវឿន បានថ្លែងបន្តថា អដ្ឋិធាតុទាំង៩ នៅចំពោះមុខយើងទាំងអស់គ្នា គឺពិតជាភស្តុតាង បានកើតមានឡើងមកលើប្រជាជនកម្ពុជា ក្នុងអតីតកាលដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ ពលពត ដ៏ឃោរឃៅ។
លោកស្រី ប្រធានគណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តស្ទឹងត្រែង បានអំពាវនាវដល់គ្រប់អាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ និងគណៈកម្មការរុករកអដ្ឋិធាតុខេត្ត បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងរដូវប្រាំង២០២៥ -២០២៦ ខាងមុខឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។
លោកស្រី ង្វៀន ធីថាញ់លីច បានថ្លែងអំណរគុណដល់គណៈកម្មការជំនាញរុករកអដ្ឋិធាតុ ខេត្តស្ទឹងត្រែង ដែលមានកិច្ចសហការប្រតិបត្តិការល្អ នៃការរកអដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្ត និងជំនាញ ការវៀតណាមដែលបានពលី នៅកម្ពុជា។
គួររំលឹកថា នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ គណៈកម្មការទាំង២ ក្រោមអធិបតីភាព អភិបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីសូត្រមន្តបង្សុកូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានប្រព្រឹត្តិទៅនៅមុខស្តូបមិត្តភាព កម្ពុជា វៀតណាម៕