(ព្រះវិហារ)៖ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន៣២៣គ្រួសារ ស្មើនឹង៣៩៤បណ្ណ នៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង បន្ទាប់ពីប្រជាពលរដ្ឋ ជិត៣០០គ្រួសារ នៅស្រុកត្បែងមានជ័យ ប្រជាពលរដ្ឋជិត៦០០គ្រួសារ នៅស្រុកឆែប និងប្រជាពលរដ្ឋជិត ១ ០០០គ្រួសារ នៅស្រុកជ័យសែន ត្រូវបានចុះចែកជូនកាលពីសប្តាហ៍មុន។
លោក មិន ស៊ីថា បានថ្លែងនូវការចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ។ លោកថា បណ្ណកម្មសិទ្ធិដីធ្លីដែលចែកជូននាពេលនេះ គឺជាកេរដំណែលដ៏មានតម្លៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
លោកក៏បានថ្លែងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ យើងដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ត្រូវថែរក្សាឱ្យបានល្អ ចៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឱ្យមានការលំបាកនៅពេលយើងយកទៅប្រើប្រាស់ ក្នុងកិច្ចការផ្សេងៗ។
លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងលើកឡើងពីការសម្រេចបាននូវវឌ្ឍនភាពនៃការចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយលោកប្តេជ្ញាចិត្តថា នឹងចែកប្លង់កម្មសិទ្ធដីធ្លី ជូនពលរដ្ឋឱ្យអស់ទូទាំងខេត្តក្នុងឆ្នាំ២០២៥នេះ។ ការចែកជូននាពេលនេះ ក៏ជាបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មិនត្រឹមតែជួយធានានូវសិទ្ធិ និងការកាន់កាប់ដីធ្លីដោយស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
លោក មិន ស៊ីថា បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន ដែលបានបន្តមរតកដឹកនាំពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅទូទាំងប្រទេសនិយាយជារួមខេត្តព្រះវិហារ និងនិយាយដោយឡែកស្រុករវៀងរបស់យើង។លោកអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះ ឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕