(ជែងស៊ី, ចិន)៖ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានអ្នកឧកញ៉ា លី ឃុនថៃ ជាប្រធាន បានសហការជាមួយអ្នកវិនិយោគនៅក្នុងខេត្តជាំងស៊ី ប្រទេសចិនប្រមាណ ១៨០ក្រុមហ៊ុន បានរៀបចំពិព័រណ៍ស្តីពីកិច្ចសហប្រតិ​បត្តិ​ការកម្រិតខ្ពស់ផ្នែកបរិក្ខារថាពលអគ្គិសនី ក្នុងគោលដៅលើកកម្ពស់កិច្ច​សហប្រតិបត្តិការវិនិយោគលើបរិក្ខារថាមពលអគ្គិសនី ក៏ដូចជាលើវិស័យ​ដទៃ​ទៀតរវាងអ្នកវិនិយោគនៅកម្ពុជា និងខេត្តជាំងស៊ី របស់ចិន។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅស្រុកឆុងរិន ខេត្តជាំងស៊ី ប្រទេសចិន។ ក្នុងពិធីនេះមានការអញ្ជើញ​ចូល​រួមពីអ្នកឧកញ៉ា លី ឃុនថៃ, លោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជា​ប្រចាំ​ប្រទេសចិន, លោក កឹម រតនា ប្រធានការិយាល័យនវានុវត្តន៍ថាមពលអគ្គិសនី, លោក Guo Xinchun សមាជិកគណៈកម្មាធិការទីក្រុងហ្វូចូវ និងលោក Huang Zhigang អភិបាលស្រុកឆុងយ៉ូន។

ស្រុកឆុងយ៉ូនត្រូវបានគេស្គាល់ថាជា «ទីក្រុងអគ្គិសនី» របស់ចិន ដែល​បាន​អភិវឌ្ឍន៍លើវិស័យអគ្គិសនីជាង៥០ឆ្នាំមកហើយ។ ស្រុកនេះ មាន​សហគ្រាសអគ្គិសនី និងសហគ្រាសពាក់ព័ន្ធវិស័យអគ្គិសនីជាង១៣០​កន្លែង ផលិតបរិក្ខារអគ្គិសនីទៅកាន់តំបន់អាស៊ីអាគ្នេយ៍ អាមេរិកខាងត្បូង និងអាហ្វ្រិកជាដើម។ នៅពេលថ្មីៗនេះ ស្រុកនេះកំពុងជំរុញការផ្លាស់​ប្តូរ​ឌី​ជីថល បង្កើតរោងចក្រឆ្លាតវៃ៥G និងពង្រីកការនាំចេញទៅក្រៅប្រទេស។

ពិព័រណ៍នេះ មិនត្រឹមតែជំរុញការពិភាក្សាដោយផ្ទាល់​រវាងសហ​គ្រាស​កម្ពុជា និងចិនប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងថ្មីដល់ការធ្វើទំនើបកម្ម​ឧបករណ៍​អគ្គិសនីនៅកម្ពុជាផងដែរ។

ក្នុងពិធីនេះអ្នកឧកញ៉ា លី ឃុនថៃ បានលើកបង្ហាញពីការអភិវឌ្ឍន៍​បណ្តាញ​​អគ្គិសនីនៅកម្ពុជា ដែលគ្រប់ដណ្តប់ស្ទើរទូទាំងប្រទេស ហើយ​ខ្នងផ្ទះប្រជាពលរដ្ឋរហូតដល់ទៅ៩៩ភាគរយហើយ ត្រូវបានតភ្ជាប់​បណ្តាញ​​​អគ្គិសនី។

សម្រាប់អ្នកឧកញ៉ា លី ឃុនថៃ ការអភិវឌ្ឍលើថាម​ពលអគ្គិសនី គឺជាផ្នែក​ដ៏សំខាន់សម្រាប់ជំរុញការវិនិយោគ ក៏ដូចជាលើក​កម្ពស់ជីវភាព​ប្រជា​ពល​រដ្ឋ និងជំរុញការអភិវឌ្ឍប្រទេស។ ដូច្នេះកិច្ចសហប្រតិបត្តិការល្អរវាងអ្នក​វិនិយោគដែលមានពិសោធន៍ខ្ពស់លើការផលិតបរិក្ខារថាមពលអគ្គិសនីនៅក្នុងខេត្តជាំងស៊ី ប្រទេសចិន ជាមួយអ្នកវិនិយោគនៅកម្ពុជា គឺជាការរួម​ចំណែកដ៏សំខាន់ដល់ការធ្វើឱ្យកាន់តែទំនើបលើកិច្ចអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា។

បើតាមអ្នកឧកញ៉ា លី ឃុនថៃ តាមរយៈវេទិកាខាងលើនេះ លោកក៏បាន​ព្យា​យាមផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ហើយបានកៀរគរ​អ្នកវិនិយោគរបស់ចិន ក្នុងខេត្តជាំងស៊ី ឱ្យមកសិក្សា និងពិនិត្យ​លទ្ធភាព​វិនិ​យោគនៅកម្ពុជាផងដែរ។ ជាពិសេសលោកបានព្យាយាមលើកពីគោល​នយោ​បាយរបស់រាជរដ្ឋាភិបាលលើកគម្រោងវិនិយោគបរទេស ដែលមាន​ភាព​បត់បែន ផ្តល់ការលើកទឹកចិត្ត និងគាំពារខ្ពស់។

សូមបញ្ជាក់ថា ក្នុងដំណើរទៅកាន់ខេត្តជាំងស៊ីនាពេលនេះ អ្នកឧកញ៉ា លី ឃុនថៃ និងអ្នកវិនិយោគពីកម្ពុជា បានទៅទស្សនកិច្ច​នៅសហគ្រាស​សំខាន់ៗ​ រួមមាន Jiangxi Ifa Electric Power Technology Co., Ltd, Jiangxi Ganyan Electric Co., Ltd និង Jiangxi Mingyuan Electric Co., Ltd ដើម្បីសិក្សាបទពិសោធន៍ក្នុងការផលិត បច្ចេកវិទ្យាឆ្លាតវៃ និងការគ្រប់គ្រងប្រកបដោយគុណភាពខ្ពស់៕