(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ០៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សម្បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងស្ថានទូតថៃ នារាជធានីភ្នំពេញ។
ថ្លែងក្នុងជំនួបនោះ ឧកញ៉ាប្រធាន តែ តាំងប៉ បានជម្រាបដល់ភាគីថៃ ថាកម្ពុជាមានសក្កានុពលខ្ពស់ផ្នែកកសិកម្ម និងស្នើដល់ភាគីថៃ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការធ្វើធុរកិច្ចនៅកម្ពុជាពីសំណាក់អ្នកវិនិយោគថៃ លើផ្នែកបច្ចេកទេស សំដៅជំរុញការកែច្នៃផលិតផលក្នុងស្រុកខ្មែរសម្រាប់ការនាំចេញ ជាពិសេសគឺការបង្កើតតំបន់ SME Cluster នៅខេត្តទាំង៤ នៃភូមិភាគឦសាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឧកញ៉ាប្រធាន បានស្នើដល់ ឯកឧត្តមឯកអគ្គរាជទូតថៃ គិតគូអំពីបញ្ហា ទំនិញកម្ពុជាឆ្លងកាត់ប្រទេសថៃ ទៅកាន់ប្រទេសទី៣ (Transit ) ដោយឧកញ៉ាប្រធាន បានស្នើឲ្យភាគីថៃ ពិនិត្យលទ្ធភាពក្នុងការសម្រួលនីតិវិធី ដើម្បីឲ្យផលិតផលកសិកម្មកម្ពុជាអាចឆ្លងកាត់ប្រទេសថៃ ឱ្យបានងាយស្រួល និងឆាប់រហ័ស ដើម្បីផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចដល់ប្រទេសទាំងពីរ។
ឯកឧត្តម ឯកអគ្គរាជទូត បានឆ្លើយតបជាវិជ្ជមានចំពោះបញ្ហា និងសំណូមពរដែលបានលើកឡើងដោយ ឧកញ៉ាប្រធាន។ ឯកអគ្គរាជទូត បានសន្យាថានឹងលើកយកបញ្ហាទំនិញខ្មែរឆ្លងកាត់ប្រទេសថៃទៅពិនិត្យពិភាក្សាឲ្យបានស៊ីជម្រៅ ហើយឯកអគ្គរាជទូត បានបង្ហាញឆន្ទៈក្នុងការជួយជំរុញផ្នែកបច្ចេកទេសដល់កម្ពុជា ក្នុងការកែច្នៃផលិតផលកសិកម្ម និងលើកទឹកចិត្តឲ្យមានជំនួបផ្គូផ្គងអាជីវកម្ម ( Business Matching ) រវាងធុរកិច្ចជន ខ្មែរនិងថៃ នាពេលអនាគតខ្លីខាងមុខ៕