(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សា និងស្នើសុំធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីបញ្ញាសិប្បនិម្មិត។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីមកពីក្រសួង ស្ថាប័នចំនួន១២ សរុប៣៨រូប។

លុះនៅរសៀលថ្ងៃដដែល លោកបានបន្តដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងក្រសួង ស្ថាប័ន១៣ ផ្សេងទៀត ដែលមានសមាសភាពចូលរួមសរុបចំនួន៤៥រូប។ ក្នុងកិច្ចប្រជុំទាំងពីរ ក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជម្រាបជូនតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធអំពីមូលហេតុ និងសាវតារ នៃការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ ព្រមទាំងបានធ្វើបទបង្ហាញអំពីខ្លឹមសារសេចក្ដីព្រាងជូនតំណាងក្រសួង។

តំណាងក្រសួង ស្ថាប័ន បានសម្ដែងមតិគាំទ្រការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ និងបានលើកយោបល់អំពីកិច្ចការអាទិភាព និងសក្ដានុពល នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅតាមវិស័យរៀងៗខ្លួន។ ទន្ទឹមនេះ តំណាងក្រសួង ស្ថាប័ន បានផ្ដល់ធាតុចូលល្អៗ ជាច្រើនដែលក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលយកទៅពិចារណា ដើម្បីរៀបចំកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិ។

ក្រសួង ស្ថាប័ន នឹងផ្ដល់ធាតុចូលជាលាយលក្ខណ៍អក្សរមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីធ្វើឲ្យសេចក្តីព្រាងនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងទិសដៅកាន់តែច្បាស់លាស់ សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយការគិតគូរជាយុទ្ធសាស្ត្រ និងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏រស់រវើក សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕