(កំពង់ធំ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្តកំពង់ធំ និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ធំ ប្រមាណ១,៦០០នាក់ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ស្វាគមន៍របស់លោក ញឹក បានខេង អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្តកំពង់ធំរួចមក លោក នួន ផារ័ត្ន ក្នុងនាមប្រធានគណៈចលនាមហាជនគណបក្សខេត្ត បានធ្វើការប្តេជ្ញាចិត្ត ខិតខំយកអស់កម្លាំងកាយ ចិត្តក្នុងការបំពេញការងារចលនាមហាជន ដោយធ្វើការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវការណែនាំទាំងឡាយរបស់ថ្នាក់កណ្តាល ជាពិសេសបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់គណៈកម្មាធិការបក្សខេត្ត ព្រមទាំងសមាជិក សមាជិកា គណបក្សទាំងអស់នៃខេត្តកំពង់ធំ ចំពោះការខិតខំប្រឹងប្រែង កិច្ចសហការ និងការបំពេញការងារយ៉ាងសកម្ម ដែលបានធ្វើឲ្យខេត្តកំពង់ធំ ទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន ព្រមទាំងសម្រេចបាននូវការអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស ដែលទាំងអស់នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការទទួលបានជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលកន្លងមក។

លោកបានបន្តទៀតថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៃខេត្តកំពង់ធំ គឺមិនអាចកាត់ផ្តាច់បានពីការដឹកនាំ តម្រង់ទិសយ៉ាងត្រឹមត្រូវពីសំណាក់ប្រធានក្រុមការងារចុះជួយខេត្ត និងថ្នាក់ដឹកនាំខេត្ត ក្នុងនោះ លោក ហ៊ុន ម៉ានី ក៏បានរំលឹកអំពីវីរៈភាព និងស្នាដៃរបស់លោក ងួន ញិល និងលោក ជា ចាន់តូ អតីតប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងបានរំលេចអំពីជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក វង្ស៉ី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក នួន ផារ័ត្ន ដែលជាអភិបាលខេត្ត ខេត្តកំពង់ធំ នឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់បន្ថែមទៀត ដែលនឹងបម្រើជាប្រយោជន៍សម្រាប់សហគមន៍ និងប្រជាជនខេត្តកំពង់ធំ។

មុននឹងបញ្ចប់ លោក ហ៊ុន ម៉ានី ក៏បានសំណូមពរឲ្យគ្រប់រចនាសម្ព័ន្ធបក្សគ្រប់ជាន់ថ្នាក់ និងសមាជិកបក្សគ្រប់រូប បន្តអនុវត្តការងារ ដោយរួមសហគ្នា ឈរលើស្មារតីឯកភាពគ្នាទាំងទស្សនៈ គោលជំហរ និងសកម្មភាព ស្របតាមកម្មវិធីនយោបាយគណបក្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕