(ភ្នំពេញ)៖ វគ្គសិក្សាថ្មីរបស់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) អំពី «ការសរសេរអត្ថបទអត្ថាធិប្បាយស៊ីជម្រៅ» បានចាប់ផ្ដើមចូលរៀនហើយ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។
វគ្គសិក្សាជំនាន់ទី៨នេះ បង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ដុះបណ្ដាល FTC និងជាអ្នកជំនាញព័ត៌មានជើងចាស់ ដែលមានបទពិសោធន៍ជិត៤០ឆ្នាំ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធិ គឺជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
វគ្គសិក្សាអំពី «ការសរសេរអត្ថបទអត្ថាធិប្បាយស៊ីជម្រៅ» នឹងត្រូវបណ្តុះបណ្តាលរយៈពេល៣ខែ សម្រាប់សិក្ខាកាម ដែលចង់ពង្រឹងសមត្ថភាពទាក់ទងនឹងការសរសេរអត្ថបទ និងការយល់ដឹងស៊ីជម្រៅអំពីព័ត៌មាន ដែលនេះជាចំណុចពិសេស ហើយប្លែកជាវគ្គមុនៗទៅទៀត។
នៅក្នុងវគ្គសិក្សានេះ សិក្ខាកាមនឹងយល់ដឹងកាន់តែច្បាស់អំពីអ្វីជាព័ត៌មានក្តៅ និងអ្វីជាអត្ថបទអត្ថាធិប្បាយ ព្រមទាំងយល់ដឹងអំពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានថែមទៀត។
លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ដូច្នេះថា៖ «អត្ថបទក្តៅ គឺជាអត្ថបទដែលមិនបញ្ចេញទស្សនៈ, ជាអត្ថបទដែលសរសេរនូវហេតុការណ៍ ដែលកើតឡើងពាក់ព័ន្ធការប្រើប្រាស់ 5W’s និង How, ជាអត្ថបទប្រើប្រាស់ប្រើ Direct Lead, ជាអត្ថបទត្រូវមានការដកស្រង់សម្តីរបស់ប្រភព បូកជាមួយនឹងសាវតារឿង (Background) និងបូកជាមួយហេតុការណ៍ដែលពាក់ព័ន្ធនានា ប៉ុន្តែអ្នកសារព័ត៌មានយើងខ្លះ បែរជាសរសេរអត្ថបទក្តៅជាមួយនឹងការបញ្ចេញទស្សនៈខ្លួនឯងទៅវិញ ដែលពេលខ្លះ ការបញ្ចេញទស្សនៈនោះ ថែមទាំងបានប៉ះពាល់នឹងក្រមសីលធម៌វិជ្ជាជីវៈទៀត»។
នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ថែមទៀត។
មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
សម្រាប់ព័ត៌មានលម្អិត ពាក់ព័ន្ធនឹងវគ្គសិក្សាទាំងអស់របស់ FTC សូមទំនាក់ទំនង៖
* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel/CoolApp: 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel/CoolApp: 092 322 334
Telegram: https://t.me/raksmeythanfn
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel/CoolApp: 012 876 948
Telegram: https://t.me/rinmanikfn