(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកបណ្ឌិត អ៉ិត សំហេង អនុប្រធានប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» ជុំទី ៣ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្ស។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក លោកស្រី ជាសិក្ខាកាមមកពីខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកណ្តាល ចំនួន៤៩នាក់។
ជាកិច្ចចាប់ផ្តើម លោក ណេប សាមុត ប្រធានលេខាធិការដ្ឋានក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារមហាជន បានធ្វើការស្វាគមន៍ចំពោះវត្តមានគណៈអធិបតី និងអ្នកចូលរួមទាំងអស់ និងបានធ្វើសេចក្តីរាយការណ៍ពីដំណើរប្រព្រឹត្តរបស់វគ្គណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» ដោយគូសបញ្ជាក់ថា គណៈចលនាមហាជនបានរៀបចំ២លើករួចមកហើយ គឺនៅថ្ងៃទី៧-៩ ខែមីនា និង២១-២៣ ខែមីនា ឆ្នាំ ២០២៥កន្លងទៅ ដោយពិធីបើកថ្ងៃនេះគឺជាជុំទី៣។
លោកបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះផ្តោតលើរបៀបវារៈមួយចំនួនរួមមាន តួនាទីភារកិច្ចរបស់គណៈចលនាមហាជន, វិធីសាស្រ្ត នៃការគ្រប់គ្រងសតិអារម្មណ៍, ការគ្រប់គ្រងលើបណ្តាញផ្សព្វផ្សាយ និងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បាននាំយកការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនា នៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា ជូនសិក្ខាកាមទាំងអស់ ដែលបានទទួលការអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាលនេះ។
លោកបានបន្តលើកឡើងថា ការរៀបចំវគ្គបណ្ដុះបណ្ដាលជនបង្គោលថ្ងៃនេះ គឺជាជំហានមួយដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្ដ្រីគណបក្ស ដែលឆ្លើយតបទៅកាន់សំណូមពររបស់គណៈចលនាមហាជនរាជធានី-ខេត្ត ជាពិសេសគឺអនុវត្តតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងសន្និបាតគណៈមហាជនកាលពី ថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។
បន្ថែមលើសពីទៅទៀត លោកបានលើកឡើងថា ការងារអប់រំមន្ត្រីគណបក្ស គឺជាការងារមួយដែលមានសារៈសំខាន់ ដែលត្រូវអនុវត្តជាប្រចាំ ព្រោះជាយន្តការមិនអាចខ្វះបាន នូវការធានាបំពាក់បំប៉នស្មារតីការយល់ដឹងមន្ត្រីគណបក្ស ត្រូវតែមានគោលជំហរតែមួយរួមគ្នាលើកទិដ្ឋភាពខ្លឹមសារ សារទស្សនៈនយោបាយព្រមទាំងរបៀបរបបការងារពីថ្នាក់កណ្ដាល រហូតដល់មូលដ្ឋាន សំដៅធ្វើសកម្មភាពការងារប្រកបដោយភាពស៊ីចង្វាក់ ស្រុះដៃ និងប្រទាក់ក្រឡាគ្នា នៃគ្រប់យន្តការ ក្នុងរចនាសម្ព័ន្ធបក្ស៕