(កោះកុង)៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាន មហាវិទ្យាល័យសានតុងមកពីប្រទេសចិន និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីសហការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ «BANMO» តំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាន ដែលគ្រោងនឹងបើកដំណើរការនាចុងឆ្នាំ២០២៥នេះ ដើម្បីជួយបណ្តុះបណ្តុះដល់កូនខ្មែរ ដែលចង់ទទួលបានជំនាញវិជ្ជាជីវៈពិតប្រាកដ ខណៈដែលការបណ្តុះបណ្តាលនេះមិនគិតប្រាក់នោះឡើយ។

ពិធីនេះបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាន ក្រោមវត្តមាន អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកសវិទ្យាល័យអាស៊ីអឺរ៉ុប, លោក Tong Yuan Xin អ្នកនាយកតំបន់សេដ្ឋកិច្ចពិសេសពិសេសកោះកុងចេជាន, លោកស្រី Wu Meng Jun នាយកមហាវិទ្យាល័យសានតុងរបស់ចិន និងមានការចូលពីអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងថា គោលបំណងនៃការសហការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជជីវៈ BANMO គឺដើម្បីធ្វើការបណ្តុះបណ្តាលដល់បុគ្គលិក កម្មករ កម្មការិនី និងប្រជាជនទូទៅ​ដែលត្រូវការៀនបន្ថែមនូវជំនាញវីជ្ជាជីវៈ ក្នុងគោលដៅលើកកម្ពស់វិស័យអប់រំ និងជំនាញ ជាពិសេសជួយដល់បុគ្គលិក កម្មករ កម្មការិនីក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាន ឱ្យទទួលបាន​ជំនាញថ្មីៗបន្ថែមទៀត​មកពីមហាវិទ្យាល័យរបស់ចិន ដើម្បីពង្រឹងបន្ថែមលើជំនាញដែលខ្លួនមាន។

អ្នកឧកញ៉ា លី ឃុនថៃ បានបន្ថែមថា វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជជីវៈ BANMO នេះគ្រោងនឹងបើកដំណើរការ នាចុងឆ្នាំ២០២៥ ដើម្បីធ្វើការបណ្តុះបណ្តាលដល់បុគ្គលិក សិស្ស-និស្សិត ដែលក្នុងនោះយុវជនក្រៅពីបុគ្គលិក កម្មករ កម្មការិនីក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាន ក៏អាចចូលរៀនបានដែរ ដោយមិនមានការរឹតបន្តឹង និងហាមឃាត់នោះឡើយ។ ក្នុងនាមសាលកវិទ្យាល័យអាស៊ីអឺរ៉ុប អ្នកឧកញ៉ា លី ឃុនថៃ អះអាងថា សាកលវិទ្យាមានមុខជំនាញជាច្រើន រង់ចាំជួយដល់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ BANMO នៅពេលត្រូវការផងដែរ។

លោកស្រី Wu Meng Jun បានឱ្យដែរថា វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ BANMO រង់ចាំជួយបណ្តុះបណ្តាលនូវជំនាញដែលសហគ្រាសនីមួយៗ​ត្រូវការដោយរាប់បញ្ជូលពី​តម្រូវការខាងឧស្សាហកម្ម ឧស្សាហកម្មគាំទ្រ សេវាកម្ម និងពាណិជ្ជកម្មផងដែរ។ សម្រាប់ការរៀននៅវិទ្យាស្ថាននេះ គឺមិនមានការបង់ប្រាក់នោះឡើយ តែក៏មានគោលការណ៍មួយចំនួនដើម្បីទៅបម្រើការងារនៅតាមសហគ្រាស។

ចំណែក លោក Tong Yuan Xin បានឱ្យដឹងថា គោលបំណងធំបំផុតនៃការបង្កើតវិទ្យាស្ថាននេះ គឺដើម្បីដោះស្រាយនូវការខ្វះខាតនៃជំនាញនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាន​ ជាក់ស្តែងដូចជាជំនាញបកប្រែភាសា​ និងជំនាញរដ្ឋបាល​ សំដៅធ្វើយ៉ាងណាឱ្យតំបន់​សេដ្ឋពិសេសនេះ កាន់តែរីកចម្រើនបន្ថែមទៀត ជាមួយគ្នានោះក៏ដើម្បីជួយដល់យុវជនកម្ពុជា ឱ្យមានជំនាញមួយពិតប្រាកដផងដែរ៕