(សៀមរាប)៖ នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២៣និង២៥នាទី នៅស្រុកពួក ខេត្តសៀមរាប ពេលត្រឡប់មកពីធ្វើសំណង់នៅក្រុងប៉ោយប៉ែត ដែលពេលនេះសពបានយកមកធ្វើបុណ្យនៅស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្តសៀមរាម។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីអគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោកសង្រេងចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងបណ្តាលឱ្យសាច់ញាតិក្រុមគ្រួសារជាទីស្រឡាញ់បានបាត់បង់ជីវិត និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជនរងគ្រោះទាំង៥នាក់ រួមមាន៖
១៖ ឈ្មោះ រឿន រ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (សពធ្វើបុណ្យ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម)។
២៖ ឈ្មោះ ហឿន ហ៊ាម ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិបឹង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
៣៖ ឈ្មោះ ផម ផា ភេទប្រុស អាយុ៤០ឆ្នាំ ភូមិថ្លុកស្មាច់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
៤៖ ឈ្មោះ ប៉ាត តឿម ភេទស្រី អាយុ៣៧ឆ្នាំ ភូមិស្លែងកោង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
៥. ឈ្មោះ ឆាន់ ម៉ាង ភេទប្រុស អាយុ៥៣ឆ្នាំ ភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ជាមួយនឹងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពខាងលើនេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥លានរៀលជូនដល់ក្រុមគ្រួសារសពនីមួយៗសម្រាប់ជួយសម្រាលការលំបាក និងធ្វើបុណ្យតាមប្រពៃណីផងដែរ។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង ក៏បានចូលរួមរំលែក និងផ្តល់អំណោយជូនដល់គ្រួសាររងគ្រោះនីមួយៗផងដែរ។
ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃខែឆ្នាំដដែលនេះដែរ លោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ក៏បានអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ ដែលមានអ្នករងរបួសចំនួន ១១នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។ អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម និងថវិកា១០ម៉ឺនរៀល៕