(ភ្នំពេញ)៖ មន្រ្តីនគរបាលដែលបើករថយន្តបុករះបណ្តាលឲ្យស្លាប់ និងរបួស ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កឡើងដោយឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរជានគរបាលជាតិ។
មន្រ្តីនគរបាលស័ក្តិ៥រូបនេះ បានបើកបររថយន្តមួយគ្រឿងម៉ាក LEXUS RX-400H ពណ៌ទឹកមាសផ្លាកលេខ ភ្នំពេញ 2AQ-2188 ក្នុងស្ថានភាពស្រវឹង និងបានបុករះពីក្រោយយានយន្តចំនួន៥គ្រឿង បណ្តាលឲ្យមានជនរងគ្រោះស្លាប់ និងរបួស ព្រមទាំងមានការខូចខាតនូវទ្រព្យសម្បត្តិចំនួន រួមមាន៖ ១-ម៉ូតូកង់បីម៉ាកTVS ពណ៌ស ផ្លាកលេខ ភ្នំពេញ 1HO-5129 បើកបរដោយឈ្មោះ ញ៉ុយ កំសត់ភេទប្រុស ពុំមានរងរបួស, ២-ម៉ូតូកង់បីម៉ាកBAJAI ពណ៌ស ផ្លាកលេខ ភ្នំពេញ 1JN- 6871 បើកបរដោយឈ្មោះ អ៊ុង ជំនោរ ភេទប្រុស ត្រូវរងរបួសធ្ងន់ និងអ្នករួមដំណើរចំនួន៣នាក់ ត្រូវរងរបួសស្រាល, ៣-ម៉ូតូកង់បីម៉ាក BAJAIពណ៌ស ផ្លាកលេខ ភ្នំពេញ 1HS-5836 បើកបរដោយឈ្មោះ រៀន សុភឿន ភេទប្រុស ត្រូវស្លាប់នៅកន្លែងកើតហេតុ, ៤-ម៉ូតូម៉ាក HONDA ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1CI-8238 បើកបរដោយឈ្មោះ ញ៉ វី ភេទប្រុស ត្រូវរងរបួសធ្ងន់ និង ៥-រថយន្តម៉ាក TOYOTA PRUIS ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 2BU-0755 បើកបរដោយឈ្មោះ កូយ គីមណាល់ ភេទប្រុស ពុំមានរងរបួស។
ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងក្នុងសំណុំរឿងតំណាងអយ្យការសម្រេចចោទប្រកាន់ឈ្មោះ ហ៊ុន ហេង ភេទប្រុស(ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៣ កថាខណ្ឌ២ ចំណុច ខ និង គ និងមាត្រា ៨៥ កថាខណ្ឌ២ ចំណុច ខ និង គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះថា អ្នកបើកបររថយន្ដបង្កឈ្មោះ ហ៊ុន ហេង ក្រៅពីអនុវត្តតាមច្បាប់ ក៏បានអនុវត្តបទវិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខ័ណ្ឌថែមទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ក៏បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីនគរបាលដែលបើករថយន្តបុករះបណ្តាលឱ្យអ្នករត់កង់៣ស្លាប់ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ ហើយរាល់ករណីបង្កគ្រោះបណ្តាលឱ្យអ្នកដទៃស្លាប់ សម្តេចតែងតែតាមដានការអនុវត្តច្បាប់ដោយផ្ទាល់។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីត នា យក រដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាប្រើជាប្រយោជន៍សម្រាប់ ការ សិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់ ស្រយាលមួយ ក្នុងខេត្តពោធិ៍សាត់។
ពីរបីថ្ងៃមកនេះ មានការជជែកវែកញែកគ្នាច្រើននៅលើបណ្ដាញសង្គម ពីករណីករណីនាយនគរបាលរាជធានីភ្នំពេញម្នាក់ ដែលបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដទៃស្លាប់ និងរងរបួស ព្រមទាំងខូចខាតសម្ភារផ្សេងទៀតនៅមុខក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដែលមកទល់ពេលនេះ នាយនគរបាលរូបនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី បានគូសបញ្ជាក់យ៉ាងច្បាស់ថា «មន្ត្រីនគរបាលដែលបើករថយន្តបុករះបណ្តាលឱ្យអ្នករត់កង់៣ស្លាប់ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ»។
សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយមានបាតុភាពជាអកុសល មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្ដាលឱ្យអ្នករត់កង់បីម្នាក់ស្លាប់ ដែលអ្នកបង្កជានាយនគរបាលម្នាក់ដែលដល់អាយុចូលនិវត្តន៍ទៅហើយ និងមានជាតិស្រវឹងក្នុងខ្លួន..គោលការណ៍អនុវត្តច្បាប់យើងចាប់ផ្ដើមមកយូរហើយ គឺរាល់ការបុកមនុស្សស្លាប់ដោយមានជាតិស្រវឹងនេះ គឺត្រូវអនុវត្តច្បាប់ម៉ឺងម៉ាត់..មិនមែនត្រឹមតែសងលុយរួចខ្លួននោះទេ មិនថាអ្នកនោះជាអ្នកណានោះទេ..ហើយមិនខុសពីករណីបុកគេស្លាប់ពីក្រោមស្ពានឫស្សីកែវនោះទេ»។