(កំពង់ឆ្នាំង)៖ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្ប ទាខេត្តកំពង់ឆ្នាំង និងសាខាមូលនិធិជនពិការខេត្ត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានអនុញ្ញាតឲ្យមានការរៀបចំការតាំងពីពណ៌ ដើម្បីបង្ហាញដល់សម្ដេចទ្រង់អស់លោក-លោកស្រី ជាថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងភ្ញៀវបរទេស ចូលទស្សនាការតាំងពិពណ៌ ដែលមានដូចជា ជើង ដៃ សិប្បនិម្មិត រទេះរុញសម្រាប់ជនពិការ និងឧបករណ៍ផ្សេងៗជាច្រើនទៀត ក្នុងនោះក៏មានហឹបមនុស្សធម៌របស់មូលនិធិសង្គម សម្រាប់ទ្រទ្រង់ជនពិការដើម្បីទទួលថវិកាជួយឧបត្ថម្ភពីសប្បុរសជននានាផងដែរ។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ការដាក់តាំងនូវជើង ដៃ សិប្បនិម្មិត រទេះរុញសម្រាប់ជនពិការ និងសម្ភារៈផ្សេងៗជាច្រើនទៀត ដើម្បីជាការបង្ហាញពីការលំបាករបស់ជនពិការរបស់យើងចាំបាច់ត្រូវតែប្រើប្រាស់នូវឧបករណ៍ទាំងអស់នេះជំនួសឲ្យជើងដៃរបស់ពួកគាត់ដែលត្រូវបាត់បង់ និងដើរមិនរួច។
ក្នុងនោះក៏បានដាក់តាំងនូវហឹបមូលនិធិទ្រទ្រង់ជនពិការ សម្រាប់ទទួលការជួយឧបត្ថម្ភដល់មូលនិធិជនពិការ ពីសំណាក់សម្ដេច ទ្រង់ អស់លោក-លោកស្រី ជាថ្នាក់ដឹកនាំ និងសប្បុរសជននានា ក្នុងការជួយទ្រទ្រង់ដល់ជនមានពិការភាព ដែលកំពុងជួបការលំបាកខ្វះខាតជីវភាពនៅតាមមូលដ្ឋាន។
លោកប្រធានមន្ទីរក៏បានបញ្ជាក់ឲ្យដឹងទៀតថា នាឱកាសនោះលោកក៏សង្កេតឃើញសម្ដេច ទ្រង់ អស់លោក-លោកស្រី ជាថ្នាក់ដឹកនាំ និងសប្បុរសជននានាជាច្រើន បានចូលរួមជួយឧបត្ថម្ភយ៉ាងផុលផុសផងដែរ។
ក្នុងនាមលោកជាប្រធានមន្ទីរសង្គកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ជំនួសមុខជនពិការទាំងអស់ សូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគាំទ្រដល់មូលនិធិសម្រាប់ទ្រទ្រង់ជនពិការយ៉ាងច្រើន និងសូមជូនពរឲ្យទទួលបានសេចក្តីសុខ សុភមង្គល ព្រមទាំងសមប្រកបនូវពុទ្ធិពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕