(ភ្នំពេញ)៖ ក្រៅពីការបណ្ដុះបណ្ដាលស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត» លើការងារទូទៅគ្រប់ជំនាញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះ-បណ្ដាលពិសេសជូនដល់មន្រ្តីបោះឆ្នោត ដោយផ្ដោតលើការងារជំនាញពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត។

ចំពោះការបណ្ដុះបណ្ដាលពិសេសនេះ គ.ជ.ប បានរៀបចំចំនួន២វគ្គរួចមកហើយ គឺនៅ ខេត្តតាកែវ និងខេត្តកំពត កាលពីឆ្នាំ២០២៤ ជូនដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតចំនួន ១០រាជធានី-ខេត្ត ហើយសម្រាប់ឆ្នាំ២០២៥ នេះ គ.ជ.ប បានរៀបចំចំនួន២វគ្គទៀត ដោយវគ្គទី១ធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ សម្រាប់លេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត (ល.ខប) ចំនួន ៨ខេត្ត និងវគ្គទី២ រៀបចំឡើងនៅទីរួមខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្រាប់ ល.ខ.ប ចំនួន ៧ខេត្ត។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលប្រមូលផ្តុំតាមតំបន់ស្តីពី «ការពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោតអំពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥» នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង។

លោកបានមានប្រសាសន៍ថា គ.ជ.ប ពិនិត្យឃើញថា វគ្គបណ្តុះបណ្តាលប្រមូលផ្តុំនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្រ្តីបោះឆ្នោតថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងដោះស្រាយពាក្យបណ្តឹងសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពក្នុងការដោះស្រាយពាក្យបណ្តឹងបានទាន់ពេលវេលា និងត្រឹមត្រូវតាមច្បាប់ កាត់បន្ថយជម្លោះ និងបង្កើនការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោត។

ឆ្លៀតក្នុងឱកាសនោះ អគ្គលេខាធិការ គ.ជ.ប ក៏បានណែនាំដល់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលពិសេសនេះ ត្រូវតាមដានអំពីការយល់ដឹង និងប្រសិទ្ធិភាពនៃការអនុវត្តការងាររបស់មន្រ្តីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ ពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ដើម្បីលើកយោបល់ជូន គ.ជ.ប អំពីការពិនិត្យលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាលប្រមូលផ្តុំនេះនៅឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

វគ្គបណ្ដុះបណ្ដាលប្រមូលផ្ដុំតាមតំបន់ដែលធ្វើឡើងនៅទីរួមខេត្តស្ទឹងត្រែង នេះ គឺមានរយៈពេលមួយថ្ងៃ ដោយមានសិក្ខាកាមសរុបប្រមាណ ១០០នាក់ ដែលមានសមាសភាពជាប្រធាន ល.ខប ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម គ្រូបង្ហាត់ទ្រឹស្ដីនៃ ល.ខប កំពង់ចាម ក្រចេះ មណ្ឌលគិរី ព្រះវិហារ រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ និងក្រុមប្រឹក្សាសង្កាត់ទាំងអស់នៃក្រុងស្ទឹងត្រែង៕