(ភ្នំពេញ)៖ ចោរឆក់ម្នាក់ដែលជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ហើយធ្វើសកម្មភាពឡើងវិញឆក់ទូរស័ព្ទនារីម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ តាមស្រាវជ្រាវបង្ក្រាប។
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភ្លើងស្តុបមុខវិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត១សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) បង្កដោយជនសង្ស័យឈ្មោះ រីម ច័ន្ទតារា អាយុ២៣ឆ្នាំ។ ពេលបង្ក្រាបបានសមត្ថកិច្ចដកហូត ទូរស័ព្ទដៃ១គ្រឿង។
សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌកំបូល បង្ក្រាបបានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ) និងត្រូវបានជាប់ពន្ធាគារមណ្ឌលកែប្រែអប់រំទី១ (ព្រៃសម១) រយៈពេល២ឆ្នាំ។ ជនសង្ស័យរូបនេះបានផុតកំណត់ទោសក្នុងពន្ធនាគារហើយបានចេញពីពន្ធនាគារកំឡុងខែមីនា ឆ្នាំ២០២៥។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ ដោយឡែកទូរស័ព្ទដៃរបស់ស្រ្តីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកា២លានរៀលលើកទឹកចិត្ត ជូនកម្លាំងងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានបង្រ្កាបជនសង្ស័យខាងលើ៕