(កំពង់ចាម)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group KOH RONG Development Company Ltd និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ការបន្តចូលរួមបរិច្ចាគរបស់អ្នកឧកញ៉ាដ៏ល្បាញល្បីនៅកម្ពុជា ស្របពេលនិងបន្ទាប់ពីកូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង គឺ ឧកញ៉ាវ័យក្មេងពោរពេញដោយ សមត្ថភាព គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ចូលរួមបរិច្ចាគថវិកាចំនួន ១.០៩៩.៩៩៩ ដុល្លារ អាមេរិក ប្រគល់ជូនកាកបាទក្រហមកម្ពុជាផងដែរ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះដែរ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចេញលិខិតថ្លែងអំណរគុណ ឧកញ៉ា គិត ម៉េង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ហើយតាមរយៈលិខិតនោះ កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានបញ្ជាក់ថា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
សូមបញ្ជាក់ថា ក្នុងនាមជាមហាសេដ្ឋីល្បីល្បាញមួយរូបនៅកម្ពុជា កន្លងមក អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ តែងតែចូលរួមឧបត្ថម្ភ និងបរិច្ចាគថវិកាស្ទើរគ្រប់រូបភាពក្នុងចលនាជួយសង្គម និងតែងតែបរិច្ចាគជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា៕