(កណ្ដាល)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា អមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃ គ.ស.ម.ក. និងសប្បុរសជន នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៥ បានចុះទៅសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកា គ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ដែលមានទីតាំងក្នុងភូមិជើងកើប ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ថវិកា និងគ្រឿងឧបភោគបរិភោគដែលយកទៅប្រគល់ជូននេះ បានមកពីអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា ព្រមទាំង លោកស្រី ខៀវ បុប្ជាផល ឥតសារ៉ាត់ លោក លោស្រី និងគណៈកម្មាធិការសិទ្ធិមនុស្សផងដែរ ថវិកាទាំងនេះប្រមាណ ២២លានរៀល។
សូមបញ្ជាក់ជូនថា នេះជាលើកទី៤ហើយ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានដឹកនាំ និងនាំយកថវិកានិងគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនសមាគមនេះដោយផ្ទាល់ ដើម្បីជាការរួមចំណែកជួយសម្រាលបន្ទុករបស់សមាគមផង ហើយក៏ក្នុងគោលបំណងដើម្បីធានាដល់ការទទួលបានសិទ្ធិសេរីភាពជាមូលដ្ឋាននានារបស់កុមារដែលកំពុងរស់នៅទីនោះផងដែរ។ ជាងនេះទៅទៀតនាពេលកន្លងមក ទេសរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភអង្ករចំនួន១៥០គីឡូក្រាមក្នុងមួយខែជារៀងរាល់ខែដល់សមាគមនេះ ពោលគឺចាប់តាំងពីខែមីនាឆ្នាំ២០២៣ មកម៉្លេះ។ ទំនាក់ទំនងរវាង គ.ស.ម.ក. និងសមាគមនេះ ផ្ដើមចេញពីការងារការពារសិទ្ធិរបស់កុមារដែលប្រឈមនឹងបញ្ហាផ្សេងៗ ហើយពួកគេគ្មានសាច់ញាតិនិងគ្មានទីពឹង ទើប គ.ស.ម.ក. ខិតខំស្វែងរកទីកន្លែងស្នាក់នៅដែលពួកគេអាចរស់នៅបាន និងអាចមានអនាគតល្អទៅថ្ងៃខាងមុខ។
ថ្លែងនៅក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងលោក លោកស្រី ដែលមានទឹកចិត្តសប្បុរធម៌ និងជួយដល់ក្មេងកំព្រាគ្មានទីពឹង។
ទេសរដ្ឋមន្ត្រីក៏បានសម្ដែងនូវការកោតសរសើរដល់សមាគម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់កុមារ ជាពិសេស សិទ្ធិសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត រួមទាំងសិទ្ធិទទួលបានការអប់រំ ជាដើម។ ទន្ទឹមនឹងនេះ ទេសរដ្ឋមន្រ្តី ក៏បានសាទរចំពោះការគ្រប់គ្រងប្រកបដោយភាពត្រឹមត្រូវ មិនមានការរំលោភបំពានដល់សិទ្ធិកុមារដែលរស់នៅទីនោះឡើយ។ លើសពីនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ក្នុងករណីកុមាររស់នៅទីនេះមានបញ្ហាសុខភាពអាចទំនាក់ទំនងមកក្រុមការងារ គ.ស.ម.ក. ដើម្បីជួយអន្តរាគមន៍ក្នុងការនាំយកកុមារទៅកាន់មន្ទីរពេទ្យឱ្យទាន់ពេលវេលា។
ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រង និងបុគ្គលិកសមាគមទាំងអស់ឱ្យបន្ដយកចិត្តទុកដាក់មើលថែទាំកុមារ និងត្រូវចៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ឬការរំលោភបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ។ បន្ថែមលើនេះ ទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់សមាគមនេះ ក៏ដូចជាមណ្ឌលកុមារកំព្រាផ្សេងៗទៀត ដែលជាកាយវិការមួយប្រកបដោយស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងជាការចូលរួមការលើកកម្ពស់សិទ្ធិកុមារ៕