(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងលើកទឹកចិត្តដល់បងប្អូនក្នុងសហគមន៍កសិករកម្ពុជា សូមចូលរួមថែរក្សាការពារតំបន់សហគមន៍ ដែលបានអភិរក្ស ដើម្បីទុកជាទីតាំង បង្កើនមុខរបរ ទាញយកផលប្រយោជន៍ពីផល អនុផលព្រៃឈើ ដើម្បីបានប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារ តាមរយៈការរកផ្សិត ជៀជ័រ រកឃ្មុំ និង ចិញ្ចឹមសត្វ ព្រមទាំងមុខរបរផ្សេងៗទៀតដែលច្បាប់មិនបានហាមឃាត់។
ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញទទួលជួបសម្តែងការគួរសម ជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលាខេត្តជាន់ទី៣ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងបងប្អូនប្រជាកសិករមកពី ២៦សហគមន៍ ក្នុងខេត្តព្រះវិហារជាច្រើនរូបទៀត។
នៅក្នុងឱកាសនេះដែរ លោក គីម រិទ្ធី បានថ្លែងប្រាប់បងប្អូនសហគមន៍កសិករថា យើងគ្រប់គ្នារស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ គឺគ្មានអ្នកណាអាចប្រព្រឹត្តនូវទង្វើខុសច្បាប់ បានឡើយ។ អាស្រ័យហេតុនេះ លោកសូមឱ្យបងប្អូនយើងកុំប្រព្រឹត្តអ្វីដែលល្មើសនិងច្បាប់ ដែលនាំឱ្យមានទោសដល់ខ្លួន ពិសេសប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ការបរបាញ់សត្វព្រៃ និងការទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដែលនេះសុទ្ធតែជាទង្វើខុសច្បាប់។
លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងលើកទឹកចិត្តដល់បងប្អូនក្នុងសហគមន៍កសិករកម្ពុជា ត្រូវចូលរួមថែរក្សាការពារតំបន់សហគមន៍ ដែលបានអភិរក្ស ដើម្បីយើងទាំងអស់គ្នា ទុកជាទីតាំងបង្កបង្កើនមុខរបរទាញយកផលប្រយោជន៍ពី ផល អនុផលព្រៃឈើ ដើម្បីបានប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារ តាមរយៈការរកផ្សិត ជៀជ័រ រកឃ្មុំ និងចិញ្ចឹមសត្វ ព្រមទាំងមុខរបរផ្សេងៗទៀតដែលច្បាប់មិនបានហាមឃាត់។
ជាមួយគ្នានេះដែរ លោក គីម រិទ្ធី ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលបានបង្កើតសហគមន៍ និងដឹកនាំគ្រប់គ្រងចងក្រងបណ្ដាញ កសិកររបស់យើងរហូតមក ដើម្បីលើកស្ទួយនូវវិស័យកសិកម្ម។ លោកថ្លែងលើកឡើងបញ្ជាក់ថា ការជួបជុំគ្នាក្នុងពេលនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបានល្អ និងជំរុញឱ្យយើងកាន់តែមានភាពសកម្មបន្ថែមទៀត ហើយលោកសូមឱ្យសហគមន៍ មានការពិគ្រោះយោបល់ជាមួយជំនាញ និងសហការជាមួយអាជ្ញាធរ ដើម្បីធ្វើអ្វីៗឱ្យស្របទៅតាមច្បាប់៕