(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បានគិតគូពីអត្ថប្រយោជន៍របស់បងប្អូនកម្មករ កម្មការិនី ដោយបានដាក់ចេញគោលនយោបាយគាំពារសង្គម ដែលមានអត្ថប្រយោជន៍ជាច្រើន សម្រាប់បងប្អូនកម្មករទាំងអស់គ្នា ដូចនេះអត្ថប្រយោជន៍អ្វីដែលបងប្អូនត្រូវបាន បងប្អូនត្រូវដឹង នឹងទទួលយកអត្ថប្រយោជន៍នេះ ឲ្យបានគ្រប់ៗគ្នា។
លោកថ្លែងបែបនេះ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ៖ រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់។ ពិធីនេះ ក្រោមសហអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលផងដែរ។
លោកអភិបាលខេត្តកណ្ដាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ថែរក្សានៅស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ រាជរដ្ឋាភិបាលបានគៀងគរ អ្នកវិនិយោគមកកាន់តែច្រើន ដែលកាលពីមុនយើងមានរោងចក្រតិចតួច ហើយឥឡូវនេះយើងមានរោងចក្រច្រើន ការងារក៏កាន់តែសម្បូរ ហើយតម្លៃពលកម្ម ឬប្រាក់ខែកាន់តែច្រើនផងដែរ។ ទន្ទឹមនឹងការងារសម្បូរ បងប្អូនកម្មករ កម្មការិនីរបស់យើង មានឱកាសច្រើនអាចម្រេចចិត្តធ្វើការនៅរោងចក្រណា ដែលខ្លួនគិតថាសាកសម ទៅនឹងសមត្ថភាពរបស់ខ្លួន។
លោកអភិបាលខេត្តបន្តថា បើទោះបីជាយើងមានរោងចក្រច្រើន សម្បូរការងារយ៉ាងណាក៏ដោយ សូមបងប្អូនកម្មកររោងចក្រទាំងអស់ ធ្វើការនៅកន្លែងណាឲ្យបានជាប់លាប់ ឬយូរ ដើម្បីអត្ថប្រយោជន៍របស់យើងនៅពេល ដែលចូលនិវត្តន៍យើងនឹងទទួលបានប្រាក់សោធននិវត្តន៍បានច្រើន ចៀសវាងការផ្លាស់ប្ដូរការងារជាប្រចាំធ្វើ ឲ្យយើងខាតបង់ប្រាក់សោធននិវត្តន៍។ ទន្ទឹមនឹងនេះបងប្អូនកម្មករ កម្មការិនី ពិតជាបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ នៅពេលដែលបងប្អូនមានការងារធ្វើកាន់តែច្រើន ប្រាក់ចំណូលបានកាន់តែខ្ពស់ ធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់ផងដែរ។
លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានឱ្យដឹងថា បច្ចុប្បន្នខេត្តកណ្ដាលមាន រោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន១៩៨១ មានកម្មករនិយោជិតសរុបចំនួន ២០២,៧៩០នាក់។ ក្នុងនោះវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មានចំនួន២៦៤ មានកម្មករនិយោជិតចំនួន ១៦៦,៦០៤នាក់ ដែលអាចស្រូបបាននូវប្រាក់ចំណូលប្រមាណ ៤៤៩,៨៣០,៨០០ដុល្លារ/១ឆ្នាំ (បួនរយសែសិបប្រាំបួនលាន ប្រាំបីរយសាមសិបពាំន់ ប្រាំបីរយដុល្លារគត់)៕