(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឲ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ដ្រី (វិញ្ញាសាសរសេរលើកទី១) ចាប់ផ្តើម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
ការចាប់ផ្តើមដំណាក់កាលប្រឡងសរសេរនេះ ទទួលបានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង រួមជាមួយតំណាងទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
ការប្រឡងប្រជែងនារសៀលនេះ មានបេក្ខជនចូលរួមចំនួន៥០៧នាក់ (ស្រី១៧២នាក់) លើវិញ្ញាសាចំនួន២ ដែលបានរៀបចំរួចរាល់ រួមមាន៖ ១៖ វិញ្ញាសាសាពហុចម្លើយភាសាបរទេស (អង់គ្លេស ឬបារាំង) និង២៖ វិញ្ញាសាពហុចម្លើយ ចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្រ្ត ភូមិសាស្រ្តកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និងចំណេះដឹងពាក់ព័ន្ធនឹងជំនាញ/ឯកទេស។
សូមជម្រាបថា វិញ្ញាសាដែលឧបនាយករដ្ឋមន្ត្រី អញ្ជើញកាត់នាពេលនេះ គឺជាវិញ្ញាសាពហុចម្លើយភាសាបរទេស មានរយៈពេល១ម៉ោង។ ទន្ទឹមនេះ បេក្ខជនដែលបានជ្រើសរើសភាសាសម្រាប់ការប្រឡងរួមមាន៖ ភាសាអង់គ្លេសមានចំនួន ៤៩៨នាក់ និងភាសាបារាំងមានចំនួន៩នាក់៕