(ភ្នំពេញ)៖ លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង បានចូលរួមសន្និសីទផ្សព្វផ្សាយស្ដីអំពីឱកាសវិនិយោគនៅកម្ពុជា «Belt and Road: Cambodia’s Investment Opportunities Chongqing Promotional Symposium» ដែលបានរៀបចំដោយ Asia-Pacific Summit នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
សន្និសីទនេះមានគោលបំណងស្វែងយល់ពីការអភិវឌ្ឍជាបន្តបន្ទាប់ និងកាលានុវត្តភាពថ្មីៗនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ចែករំលែកវិធីសាស្រ្តក្នុងការវិនិយោគនាពេលបច្ចុប្បន្ន គោលនយោបាយ ទិន្នន័យសេដ្ឋកិច្ចពាក់ព័ន្ធ និងបរិយាកាសវិនិយោគនៅកម្ពុជា និងការចែករំលែកបទពិសោធន៍វិនិយោគផ្ទាល់ខ្លួននៅកម្ពុជាដោយសហគ្រិនចិន។
ក្នុងឱកាសនេះមានតំណាងក្រុមហ៊ុនអាជីវកម្ម និងវិនិយោគជាង ១០០ក្រុមហ៊ុន ដែលចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា រួមទាំងអ្នកចូលរួមសរុបចំនួនប្រមាណជិត២០០ នាក់។ លោកអគ្គកុងស៊ុលកម្ពុជា បានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់លើស្ថេរភាពនយោបាយ និងបរិយាកាស វិនិយោគដែលគាំទ្រដល់វិនិយោគិន និងផ្ដោតជាសំខាន់លើកាលានុវត្តភាពវិនិយោគលើវិស័យសំខាន់ៗរបស់កម្ពុជាផងដែរ។
លោកអគ្គកុងស៊ុលកម្ពុជា បានលើកឡើងនូវដំណោះស្រាយសម្រាប់ដៃគូអាជីវកម្ម និងអ្នកវិនិយោគអាចមានកង្វល់ ឬសំណួរអំពីរបៀបបង្កើតអាជីវកម្មដំបូងនៅកម្ពុជា។
បន្ថែមពីនេះ លោក វណ្ណ វិទ្យា បានលើកឡើងនូវទំនុកចិត្តនិងការធានាសម្រាប់វិនិយោគិន និងដៃគូអាជីវកម្មដោយផ្អែកលើទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ទឡ្ហីករណ៍នានាអំពីសុវត្ថិភាពក្នុងការវិនិយោគដែលមានស្រាប់ ស្ថិរភាពនយោបាយដ៏រឹងមាំ ភាពសុខសាន្តពីគ្រោះមហន្តរាយធម្មជាតិ បរិស្ថានវិនិយោគ ដែលមានភាពងាយស្រួលសម្រាប់វិនិយោគិន និងការសម្រួលដល់ការចុះឈ្មោះគម្រោងវិនិយោគថ្មី ដោយការប្រើប្រាស់បញ្ជរច្រកតែមួយ ដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ហើយការិយាល័យសេវាច្រកចេញចូលតែមួយនេះគឺដើម្បីសម្រួលដល់អ្នកវិនិយោគ និងដៃគូអាជីវកម្មថ្មីដែលអាចរៀបចំបានយ៉ាងសាមញ្ញ និងងាយស្រួល៕