(សៀមរាប)៖ នៅថ្ងៃទី១៩ ខែ​ឧសភា​ឆ្នាំ​២០២៥ ប្រតិភូ​រដ្ឋ​បាល​ខេត្ត​សៀម​រាប​ដែលដឹកនាំដោយ លោក ​យុន លីណេ អភិបាលរង​ខេត្ត​ និង​ជាតំណាងលោក ​ប្រាក់​សោភ័ណ​អភិបាល​ខេត្ត​ នៃគណៈអភិបាលខេត្តសៀមរាប បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សា​ជាមួយ​ លោក សាន់ចូ អាគីហ៊ីតូ អគ្គនាយកនៃ អគ្គ​នាយក​ដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធនៃ​ទីភ្នាក់ងារ សហប្រតិបត្តិអន្តរជាតិជប៉ុន (ចៃការ)​ លើគម្រោង ទីក្រុងឆ្លាតវៃ (Smart City) សម្រាប់ក្រុងសៀមរាប។

ការចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សានេះ ធ្វើនៅទីស្នាក់ការកណ្តាលរបស់JICA ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយផ្ដោតលើ​ការ​អនុវត្ត​គម្រោង​ទីក្រុង​ឆ្លាតវៃ​ដំណាក់កាល​ទី​ពីរ​ ដែល​ជួយ​រៀបចំ​ក្រុងសៀមរាប ​ជា​ទីក្រុង​ដ៏គួរឲ្យទាក់ទាញ​ និង​ប្រកបដោយ​និរន្តរភាព​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ និង​ប្រជា​ពលរដ្ឋ។

បន្ទាប់ពីការអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ បានទទួលជោគជ័យ ដោយរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA​បានយល់ព្រមបន្តជួយរដ្ឋបាលខេត្តលើគម្រោង ទីក្រុងឆ្លាតវៃ (Smart City)៕