(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការផ្សារភ្ជាប់គោលនយោបាយបរិស្ថានជាតិ និងសកល ជាមួយនឹងការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍនៅនឹងកន្លែង។ ឧទាហរណ៍ជាក់ស្តែងរួមមានការអភិវឌ្ឍនៅតំបន់ភ្នំគូលែន គិរីរម្យ និងភ្នំខ្នងផ្សារ ដែលធ្វើឡើងស្របតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពបើកវេទិកាដ៏សំខាន់មួយស្តីពី «មាគ៌ាបៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគត ប្រកបដោយចីរភាព»។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានយ៉ាងម៉ឺងម៉ាត់លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាបាននឹងកំពុងចូលរួមយ៉ាងសកម្ម និងស្មើមុខស្មើមាត់ជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ ក្រុមការងារមូលនិធិបរិស្ថានសកល (GEF) ក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងរបស់កម្ពុជា ជាពិសេសក្រសួងបរិស្ថាន។ តាមរយៈវេទិកានេះ និងកិច្ចសហប្រតិបត្តិការនានា កម្ពុជានឹងបន្តចែករំលែកលទ្ធផល បទពិសោធន៍ និងគំនិតថ្មីៗ ដើម្បីលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារទេសភាព ការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជាជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Allisar Chaker នាយកប្រចាំប្រទេសកម្ពុជារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មូលនិធិបរិស្ថានសកល (GEF) និងដៃគូពាក់ព័ន្ធផ្សេងទៀតដូចជា Wildlife Alliance, WCS, CI ចំពោះការគាំទ្ររបស់ពួកគេក្នុងការជំរុញការផ្លាស់ប្តូរឆ្ពោះទៅរកឯករាជ្យភាព ភាពធន់ដោយខ្លួនឯង និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងការងារអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានក៏ផ្តោតលើការអភិវឌ្ឍសហគមន៍ តាមរយៈគំនិតផ្តួចផ្តើមឱ្យមានគម្រោងស្រូវ និងការចិញ្ចឹមសត្វ (គោ ក្របី ជ្រូក មាន់ ត្រី) រួមទាំងការលើកកម្ពស់ការដាំបន្លែ និងផ្សិត ដើម្បីកសាងជីវភាពប្រកបដោយនិរន្តរភាព។ ដែលនេះជាដំណោះស្រាយរួមគ្នាជាមួយវិស័យជាច្រើនដូចជា ឧស្សាហកម្ម ថាមពល កសិកម្ម រុក្ខាប្រមាញ់ សំណល់ និងទឹក ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ និងសហគមន៍។
លើសពីនេះ កម្ពុជាក៏បានជំរុញគោលនយោបាយអាកាសធាតុ និងជីវៈចម្រុះ: ក្រសួងបានសម្រេចការងារជាច្រើនដូចជា៖ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ (នឹងប្រកាសផ្លូវការថ្ងៃទី២២ ឧសភា)។ របាយការណ៍ជាតិ២ឆ្នាំម្តង (BTR) ជូនលេខាធិការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ផែនការបង្ហាញផ្លូវជាតិក្នុងការកាត់បន្ថយឧស្ម័នមេតានកម្ពុជា (Cambodia Methane Road) ជូន UNFCCC។ និងបានកំពុងរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មជាតិស្តីពីជីវៈចម្រុះ (NBSAP)។ កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ)៕