(ឡាវ)៖ កងទ័ពកម្ពុជា និងកងទ័ពឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។ នេះបើយោងតាមកំណត់ហេតុនៃកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២៥ នៅទីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ។
នៅឆ្នាំ២០២៥នេះ ប្រទេសឡាវ ត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងដោយទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃភាគីទាំងពីរ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន ឡាវ-កម្ពុជា កម្ពុជា-ឡាវ បានរៀបចំកិច្ចប្រជុំជាផ្លូវការ លើកទី៣ របស់ខ្លួនទៅតាមការគ្រោងទុក ដោយភាគីឡាវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកនេះ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំភាគីឡាវ ដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា និងសមាជិក និងភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន កម្ពុជា-ឡាវ រួមនិងសមាជិកមកពីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប ផងដែរ។
ក្នុងរយៈពេល ១ឆ្នាំកន្លងមក គណៈកម្មការជំនាញប្រទេសទាំងពីរ បានពិនិត្យឃើញថា ទទួលបានលទ្ធផលល្អ និងបានពិភាក្សាផែនការបន្តរៀបចំអនុវត្តយន្តការដែលពាក់ព័ន្ធក្នុងការសហការ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ ដែលភាគីទាំងពីរបានឯកភាព រួមគ្នាបន្ត និងពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យក្លាយជាព្រំដែនសន្តិភាព បញ្ចៀសឱ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធ រក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន។ កងទ័ពនៃប្រទេសទាំងពីរដែលឈរជើងតាមបណ្តោយព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចនិងស្ថាប័នដែលមានការពាក់ព័ន្ធ នៃប្រទេសទាំងពីរក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដូចជា អំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធយុទ្ធភ័ណ្ឌ ការជួញដូរវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការរុករកសម្បត្តិធម្មជាតិខុសច្បាប់ ការបរបាញ់សត្វព្រៃ និងបទល្មើសនានា ដែលផ្ទុយពីររដ្ឋច្បាប់របស់រដ្ឋបាលនៃប្រទេសទាំងពីរ។ល។
ជាមួយគ្នានេះដែរភាគីទាំងពីរក៏បានជំរុញបន្តឱ្យកងកម្លាំងការពារព្រំដែនរបស់កងទ័ពប្រជាជនឡាវ និងកងកម្លាំងការពារព្រំដែនរបស់កងយោធពលខេមរភូមិន្ទ ឱ្យមានការទំនាក់ទំនងការងារដ៏ល្អជាមួយគ្នា ជួបប្រជុំផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយជាមួយគ្នារាល់បញ្ហាសន្តិសុខ តាមបណ្តោយព្រំដែនដោយសន្តិវិធី ត្រូវរាយការណ៍ និងសុំគោលការណ៍ពីថ្នាក់លើ ព្រមទាំងចូលរួមទប់ស្កាត់រាល់ការឃោសនា របស់ពួកអមិត្ត ដែលញុះញុងឱ្យមានអំពើហិង្សាក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាព មិត្តភាពរបស់ប្រជាជន និងកងទ័ព នៃប្រទេសទាំងពីរ ឡាវ-កម្ពុជា កម្ពុជា-ឡាវ។
ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការរៀបចំកិច្ចប្រជុំរួមគ្នាមួយឆ្នាំម្តងជាប្រក្រតីរវាង កងកម្លាំងកងពលថ្មើរជើងទី៥ កងទ័ពប្រជាជនឡាវ ជាមួយកងពលតូចលេខ៩ នៃកងយោធពលខេមរភូមិន្ទ។ បញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់ (ឡាវ) ជាមួយតំបន់ប្រតិបត្តិការសឹករងព្រះវិហារ (កម្ពុជា)។ បញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់ (ឡាវ) ជាមួយតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង (កម្ពុជា)។ បញ្ជាការដ្ឋានយោធាខេត្តអាត់តាក់ពី (ឡាវ) ជាមួយតំបន់ប្រតិបត្តិការសឹករងរតនគីរី (កម្ពុជា)។
ក្នុងករណីមានហេតុការណ៍កើតឡើងនៅកន្លែងណាត្រូវដោះស្រាយបញ្ហានៅកន្លែងនោះ បន្ត និងពង្រឹងកិច្ចសហការជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋដែលរស់នៅតាម បណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជាឱ្យបានយល់ដឹងអំពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរ ជៀសវាង ការប្រព្រឹត្តិអំពើល្មើសច្បាប់ និងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ បន្តគាំទ្រឱ្យគណៈកម្មាធិការព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ (JBC) អនុវត្តតាមតួនាទីរបស់ខ្លួន។ បន្តឱ្យមានការរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរតាមផែនការដែលបានឯកភាពរួមគ្នាកន្លងមកដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះ មួយឆ្នាំម្តង និងកំណត់សមាសភាព ចូលរួមភាគីនីមួយៗ មិនលើសពី២៥រូប។
ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានឯកភាពគ្នារក្សាគោលការណ៍សន្តិភាពមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនប្រទេសទាំងពីរ រាល់បញ្ហាសន្តិសុខដែលកើតឡើងត្រូវរួមគ្នាដោះស្រាយដោយសន្តិវិធី និងត្រូវគោរពអធិបតេយ្យភាព ទៅវិញទៅមក។ បន្តគាំទ្រ និងលើកកម្ពស់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាពក្នុងនាមជាអ្នកភូមិផងរបងតែមួយ នឹងអ្នកជិតខាងល្អជាពិសេសបណ្តាអង្គភាពដែលឈរជើងតាមបណ្តោយព្រំដែនត្រូវធ្វើការទាក់ទងគ្នាឱ្យបានល្អ និងជាប្រចាំ ផ្លាស់ប្តូរព័ត៌មានទាន់សភាពការណ៍ និងបង្កើតឱ្យមានកម្មវិធីសិល្បៈ កម្សាន្ត វប្បធម៌ និងកីឡាជាមួយគ្នាទៅវិញទៅមក។ បន្តអនុវត្តតាមពិធីសារ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យទទួលបានជោគជ័យ៕