(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ទំនាស់នៅក្រៅប្រព័ន្ធតុលាការ ដោយករណី គ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ចំនួន ៣លើក ដោយភាគីខាងរថយន្តរងគ្រោះបានជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្កចំនួន ៤លានរៀល ហើយបងប្អូនសាច់ញាតិខាងម៉ូតូបង្ក បានយល់ព្រមផ្តិតមេដៃ តែក្រោយមកក៏មិនយល់ព្រមវិញ ដោយទាមទារសំណងទឹកប្រាក់បន្ថែម ទើបយល់ព្រមបញ្ចប់រឿង ដូច្នេះដោយភាគីទាំងពីរសម្រុះសម្រួលគ្នាមិនបាន មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ក៏រៀបចំឯកសារកសាងសំណុំរឿងបម្រុងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ តែមិនទាន់មានចំណាត់ការនៅឡើយ ដោយសារជាថ្ងៃចុងសប្តាហ៌។
រហូតមកដល់ថ្ងៃនេះ ក្រោមការសម្របសម្រួលពីសំណាក់អភិបាលខេត្ត ដោយអនុវត្តន៍តាមយុទ្ធសាស្រ្តសម្តេចតេជោ គឺនយោបាយឈ្នះឈ្នះទាំងអស់គ្នា ភាគីម៉ូតូ និងរថយន្ត តាក់ស៊ី បានឯកភាព និងស្រុះស្រួលគ្នា បញ្ចប់បញ្ហា ជាស្ថាពរត្រឹមនេះ ដោយមិនមានការប្តឹងផ្តល់គ្នាបន្តទៀតនោះទេ ព្រមទាំងស្រលាញ់រាប់គ្នាជាបងប្អូន ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព ហើយក្នុងនោះលោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់ភាគីម៉ូតូចំនួន ៤លានរៀល និងភាគីរថយន្តចំនួន៤លានរៀលផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិតអភិបាលខេត្ត បានកោតសសើរមន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ដែលបានអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឃប់ការវែកញែករកខុសត្រូវបន្តទៀត និងសូមកុំប្រកាន់ជេរវាយប្រហារលើក្រុមគ្រួសារសពបង្កហេតុ ហើយយើងទាំងអស់គ្នាត្រូវមានជំហរជឿជាក់លើច្បាប់ប្រទេសយើង ជាពិសេសត្រូវជឿជាក់ លើការ ដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
សូមរំលឹកថា កាលពីវេលាម៉ោង ១៧៖១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា លើដងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងសង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន បណ្ដាលឱ្យមនុស្សម្នាក់បានបាត់បង់អាយុជីវិត នៅនឹងកន្លែងកើតហេតុ ហើយចំពោះករណីនេះមន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានរកឃើញថា ភាគីណាខុសភាគីណាត្រូវ ហើយកំពុងតែវាយតម្លៃ ជារួមដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ដោយសារមិនទាន់ការស្រុះស្រួលគ្នា៕