(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី UAE-កម្ពុជា។ លោកបានគោរពជម្រាបជូន សម្តេចបវរធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ, ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម នឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និងពិភាក្សាលេីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត។
ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម ក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កេីនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។
ជាការឆ្លើយតប, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ UAE ដែលបានរួមចំណែកកសាងធនធានមនុស្ស ក៏ដូចជាបានគាំទ្រដល់សមាគមមូស្លីមនៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជា និង UAE នៅមានវិស័យសក្តានុពលជាច្រើនដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតបាន។
សម្តេចបរវធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីទិសដៅនៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅកម្ពុជា ដើម្បីជំរុញការនាំចេញផលិតផលហាឡាល់ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និង UAE។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យឯកអគ្គរាជទូតប្រទេសអេមីរ៉ាតអារ៉ាប់រួម បន្តពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារួច សំដៅប្រែក្លាយទៅជាផែនការអនុវត្តនជាក់ស្តែង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវជំនឿជឿជាក់ថាតួនាទីរបស់ឯកអគ្គរដ្ឋទូតប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនមួយកម្រិតទៀត៕