(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ឱ្យដឹងថា ពិធីបដិសណ្ឋារកិច្ចដ៏អស្ចារ្យ និងលំដាប់កំពូល ពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រឡេស្តេ ក្នុងការទទួលសម្ដេចតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភាកម្ពុជា គឺជារឿងដែលកម្ពុជាមិនបានដឹងមុន និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ភាគីកម្ពុជា រហូតមិនដឹងគួរហៅថាជាទស្សនកិច្ចការងារដូចការគ្រោងទុក ឬជាទស្សនកិច្ចផ្លូវការ ដូចការរៀបចំរបស់ភាគីម្ចាស់ផ្ទះនោះឡើយ។ ការលើកឡើងរបស់លោក ជា ធីរិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។

ក្នុងនាមជាអ្នកនាំពាក្យព្រឹទ្ធសភា លោកបាឱ្យដឹងទៀតថា របៀបនៃការរៀបចំនៅប្រទេសឥណ្ឌូនេស៊ី សម្រាប់សម្ដេចតេជោ ហ៊ុន សែន កន្លងមកប្រទេសនេះរៀបចំទទួលតែសម្រាប់ប្រមុខរដ្ឋនៃបណ្ដាប្រទេសនីមួយៗតែប៉ុណ្ណោះ ដែលនេះគឺជាការផ្ដល់តម្លៃយ៉ាងខ្លាំងដល់ប្រធានព្រឹទ្ធសភានៃកម្ពុជារបស់យើង។

ខណៈការទទួលបដិសណ្ឋារកិច្ចនៅប្រទេសទីម័រឡេស្តេវិញ ប្រជាពលរដ្ឋ ជាពិសេសកុមារា កុមារី បានបង្ហាញនូវស្នាមញញឹមផូសចេញពីបេះដូងពិតៗ រត់ទទួលស្វាគមន៍សម្ដេចតេជោ ដែលមិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្រ្តទទួលថ្នាក់ដឹកនាំបរទេសនៃប្រទេសមួយនេះ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ថ្លែងនូវបាឋកថា ទាំងប្រធានាធិបតី និងនាយករដ្ឋមន្រ្តីនៃប្រទេសទីម័រឡេស្តេ គឺសុទ្ធតែអង្គុយស្ដាប់សម្ដេចតេជោ ហើយសូម្បីតែថ្នាក់ដឹកនាំបក្សប្រឆាំងទាំងអស់នៅទីម័រឡេស្តេ សុទ្ធតែបានថ្លែងសន្ទកថាស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទាំងអស់គ្នា។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់នូវរឿងរ៉ាវបន្ថែមទៀត សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖