(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែឧសភា ឆ្នំា២០២៥នេះថា គិតត្រឹមពេលនេះមន្ទីរពេទ្យបានតៀមអគារ ចំនួន២ គ្រែជិត១ពាន់គ្រែ ដែលមានបំពាក់សម្ភារៈបរិក្ខារពេទ្យ អ៊ុកស៊ីសែន ឱសថ និងរថយន្ដគិលានសង្គ្រោះ រួមទាំងក្រុមគ្រូពេទ្យជំនាញរួចរាល់ ដើម្បីត្រៀមសង្គ្រោះ និងអន្ដរាគមន៍ជាបន្ទាន់បើមានករណីផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ថ្មី JN.1 ខណៈដែលកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មីនេះ។
លោកបានបន្តថា «មកទល់នឹងពេលនេះ នៅកម្ពុជាយើងមិនទាន់មានអ្នកជំងឺកូវីដ១៩ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ តែទោះជាយ៉ាងណា គឺយើងត្រូវត្រៀមលក្ខណៈជាស្រេចនេះ ហើយបើក្នុងករណីមានអ្នកជំងឺច្រើនយើងក៏មានគ្រែថ្មីៗរាប់ពាន់ ក៏ដូចជាសម្ភារៈគ្រប់គ្រាន់ សម្រាប់សង្គ្រោះជានិច្ច។ ការត្រៀមរៀបចំជាស្រេចនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល»។
លោកវេជ្ជបណ្ឌិត សួន សាមិត្ដ បានបញ្ជាក់បន្ថែមថា ការត្រៀមលក្ខណៈជាស្រេចមិនមែនទើបតែរៀបចំពេលដែលកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ប្រភេទថ្មីនោះទេ គឺបានត្រៀមរួចរាល់ចាប់ពីមានការផ្ទុះរីករាលដាលខ្លាំងនៅតាមបណ្ដាប្រទេស ជាពិសេសនៅប្រទេសជិតខាងយើង។
សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ បានសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានចំណុះជិត ១ម៉ឺនគ្រែ ដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការទ្រទ្រង់សភាពការណ៍ការរាតត្បាតជំងឺសកលណាមួយ ដែលនឹងមានកន្លែងសម្រាប់បម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋយើង ដោយមិនឱ្យមានការព្រួយបារម្ដឡើយ។
ទោះជាយ៉ាងនេះក្ដីនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ តាមរយៈលិខិតរបស់ក្រសួងសុខាភិបាល គឺរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រាប់ឱ្យនាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធ បានជំរុញឱ្យមានការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥ ។
លិខិតរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដោយរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមក, ដូចនេះដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្មី ក្រសួងសុខាភិបាល បានណែនាំដល់នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង រាល់៦ខែម្តងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩ ជាពិសេសសូមលើកទឹកចិត្តមកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះជាដើម ដូចខាងក្រោម៖
១៖ ផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព។
២៖ ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន៕