(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាល ប្រមាណជិត៣០០នាក់។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាល ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលអនុវត្តបានរយៈពេលកន្លងមកក្នុងការដោះស្រាយបញ្ហាប្រឈម ដែលអនុវត្តបាននាពេលកន្លងមក លើកទិសដៅការងារអនុវត្តបន្ត ព្រមទាំងកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ចំពោះការខិតខំប្រឹងប្រែង ចូលរួមបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសខ្ពស់ រហូតទទួលលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
លោកឧត្តមសេនីយ៍ស្នងការ បានដាក់គោលការណ៍៥ចំណុច ដល់ផែនការងារជំនាញ និងលោកអធិការនគរបាលទាំង៩ក្រុង-ស្រុក រួមមាន៖
*ទី១៖ ពង្រឹងរបៀបរបបការងារជំនាញ បែបបទការងាររដ្ឋបាល
*ទី២៖ ការងារប្រឆាំងបទល្មើគ្រឿងញៀន រួមគ្នាគិតរួមគ្នាអនុវត្ត វិធានការច្បាប់ បង្ក្រាបដូចភ្លៀងរលឹម សំដៅធានា សុខសុវត្ថិភាព ជូនជាតិមាតុភូមិ
*ទី៣៖ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក៖ បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក, សោកនាដកម្មបន្សល់ទុកពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក, ពង្រឹងការអនុវត្តច្បាប់ស្របតាមអនុក្រឹត្យ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីថែរក្សាបានទ្រព្យសម្បត្តិ អាយុ ជីវិត មនុស្ស សត្វ
*ទី៤៖ ការងារអត្តសញ្ញាណកម្ម ត្រូវខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពន្លឿនការផ្ដល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋ
*ទី៥៖ បន្តថែរក្សាការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រពៃដើម្បីសម្រេចបានស្នាដៃ សមិទ្ធផលថ្មីៗបន្ថែមទៀត៕