(ស្វាយរៀង)៖ លោក ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញប្រារព្ធខួប «ទិវាជាតិ នៃការចងចាំ» ស្ថិតនៅបរិវេណស្តូបគោរពវិញ្ញាណក្ខន្ធ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រី ប្រធានមន្ទី-អង្គភាពនានាជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជន ស.ស.យ.ក ខេត្ត យុវជនកាកបាទ ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធទាំងបី សរុបចំនួន៨៧៩អង្គ/នាក់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអាននូវសាលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយខ្លឹមសារសំខាន់ៗ ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រជូរចត់របស់ប្រជាជនកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។ ថ្ងៃទី២០ ខែឧសភានេះ ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ជាមួយគ្នានេះ ទិវាជាតិនៃការចងចាំ ២០ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គមរបស់ជនរងគ្រោះ និងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឲ្យកើតមានឡើងសាជាថ្មី៕