(ព្រះវិហារ)៖ លោក មិន ស៉ីថា អភិបាលខេត្តព្រះវិហារស្តីទី បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជនជំនាន់ក្រោយ ត្រូវចងចាំជានិច្ចនូវទិវាជាតិនៃការចងចាំ និងប្តេជ្ញាចូលរួមថែរក្សា និងការពារសុខសន្តិភាពឱ្យបានគង់វង្ស ការពារមិនឱ្យសង្គ្រាមកើតមានឡើងវិញនៅក្នុងប្រទេសកម្ពុជារបស់យើង ទោះក្នុងតម្លៃណាក៏ដោយ។

ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារស្តីទី ក្នុងឱកាសដែលលោក និងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាអធិបតី ក្នុងទិវាជាតិ នៃការចងចាំ២០ ឧសភា ឆ្នាំ២០២៥ នៅមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍តំបន់១០៣ ក្នុងឃុំរុងរឿង ស្រុករវៀង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អជ្ញាធរស្រុករវៀង លោកគ្រូអ្នកគ្រូ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរលោក មិន ស៉ីថា បានថ្លែងលើកឡើងថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ត្រូវបានប្រារព្ធធ្វើឡើងដើម្បីរំលឹកអំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់ប្រទេសកម្ពុជា ដែលបានឆ្លងកាត់របបកម្ពុជាប្រជាធិបតេយ្យ អស់រយៈកាល០៣ឆ្នាំ ០៨ខែ ២០ថ្ងៃ។ នៅក្នុងរបបដ៍ឃោរឃៅនោះប្រជាជនកម្ពុជាមួយចំនួនត្រូវជម្លៀសចេញពីទីក្រុង កាប់សម្លាប់យ៉ាងអយុត្តិធម៌ ព្រមទាំងបានលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់នូវការចាយវាយផ្សេងៗ មិនមានដំណើរការសាលារៀន មន្ទីរពេទ្យ និងវត្តអារាម។

លោកថ្លែងបញ្ជាក់បន្តទៀតថា ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងតស៊ូ យកជីវិតធ្វើដើមទុន រំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដ៏សាហាវយ៉ង់ឃ្នង សង្គ្រោះប្រជាពលរដ្ឋ ជាតិ សាសនា និងបានធ្វើឱ្យវិស័យទាំងអស់រស់ឡើងវិញ ដោយកសាងបាននូវសន្តិភាព សេចក្តីសុខ សុភមង្គលជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ដោយសារការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យប្រទេសជាតិមានការបង្រួបបង្រួម មានសុខសន្តិភាពយូរអង្វែង រហូតមកដល់សព្វថ្ងៃនេះ។

លោកអភិបាលខេត្តព្រះវិហារស្តីទី ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចងចាំនូវទិវាជាតិនៃការចងចាំ និងចូលរួមថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្ស ការពារមិនឱ្យសង្គ្រាមកើតមានឡើងវិញជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ លោកថា បើប្រទេសជាតិមានសុខសន្តិភាព នោះប្រទេសជាតិនឹងមានការអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងបង្កើតបានជាមូលដ្ឋានគ្រឹះ នៃសុខដុមរមនា សម្រាប់ប្រទេសជាតិយើងទាំងមូល។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាជាតិនៃការចងចាំនេះ ជារៀងរាល់ឆ្នាំ ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ បានចងចាំ និងយល់ដឹងច្បាស់អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងអនុញ្ញាតឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រវត្តិសាស្រ្តដ៏លំបាក ដែលប្រទេសជាតិធ្លាប់ឆ្លងកាត់ ដែលត្រឹមមើលការសម្តែង បងប្អូនទទួលអារម្មណ៍ក្តុកក្តួលខ្លោចផ្សា ចុះសម្រាប់អ្នកដែលបានឆ្លងកាត់ផ្ទាល់ តើឈឺចាប់ និងលំបាកវេទនាយ៉ាងណា។ ដូច្នេះយើងត្រូវចងចាំទាំងអស់គ្នានូវតថភាពពិតជាក់ស្តែងនេះ៕