(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួចផ្តើមគំនិតឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត តាមរយៈការបរិច្ចាគថវិកាម្នាក់ ១ម៉ឺនរៀលជារៀងរាល់ខែពេញមួយជីវិត (២នាក់ ២ម៉ឺនរៀលរាល់ខែ) ជូនមូលនិធិគុន្ធបុប្ផា។
លោក ឌិត ទីណា បានបង្ហាញជំហរយ៉ាងមុតមាំថា «ដើម្បីឱ្យយុទ្ធនាការដែលផ្តួចផ្តើមគំនិតឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត កាន់តែមាននិរន្តរភាព ហើយមូលនិធិគន្ធបុប្ផាកម្ពុជានៅតែអាចបន្ត បេសកកម្មរបស់ខ្លួន ដើម្បីកុមារកម្ពុជា បានយូរអង្វែង ខ្ញុំបាទ និងភរិយាសូមចូលរួមវិភាគទាន ដោយផ្ទេរប្រាក់ខែររបស់ខ្ញុំជារៀងរាល់ខែ ពីធនាគារកាណាឌីយ៉ា ទៅមូលនិធិគុន្ធបុប្ផាតែម្តង រួបរួមគ្នាផ្តល់ការស្រលាញ់ ផ្តល់ក្តីសង្ឃឹម ដល់ប្អូនៗ និងក្មួយៗទាំងអស់ដែលកំពុងតរែតស៊ូជាមួយជំងឺដ៏កាចសាហាវ»។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី “ខែ្មរជួយខ្មែរ”។ ការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងខែមិថុនានេះ ជាការចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១ មិថុនា” និងដើម្បីជាការរម្លឹកឱ្យមានការបន្តបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមមួយគឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬលេខគណនីធនាគារ ដូចមានក្នុងរូបខាងក្រោម៕