(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយអំពីគ្រាប់ពូជដំណាំដំឡូងមី មួយប្រភេទ (ពូជថ្មី) ដែលសាកកសមនឹងសណ្ឋានដីខេត្ត ផ្តល់នូវទិន្នផលខ្ពស់ចន្លោះពី៦០ ទៅ១០០តោន ក្នុងមួយហិកតា ហើយធន់នឹងជំងឺ និងអាកាសធាតុ ជូនដល់គ្រួសារអតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង បានសាកល្បងធ្វើការការដាំដុះ បង្កើនសេដ្ឋកិច្ចគ្រួសារ ក្រោយពីបានធ្វើពិសោធន៍ និងតេស្តសាកល្បង រយៈពេល១៥ឆ្នាំកន្លងមក។

លោកអភិបាលខេត្ត បានផ្សព្វផ្សាយបែបនេះ នៅបរិវេណសាលាបឋម និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត, លោក លាវ វួយ អគ្គនាយកក្រុមហ៊ុន អរឡាសាន ខេមបូឌា, លោកអភិបាលស្រុកភ្នំក្រវាញ, ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងបងប្អូនគ្រួសារអតីតយុទ្ធជនយ៉ាងច្រើនកុះករ។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា ក្រុមហ៊ុនចិនដែលមកវិនិយោគ ដាំដុះដំឡូងមីនេះ គាត់បានធ្វើការពិសោធ រយពពេល១៥ឆ្នាំមកហើយ ដើម្បីរកពូជដំឡូងមី ដែលធន់នឹងអាកាសធាតុ ហើយទទួលបានទិន្នផលខ្ពស់។ ក្រោយពីគាត់បានរកឃើញ គាត់បានបង្កាត់ចេញជាគ្រាប់ដំឡូងមី (ពូជថ្មី) ពេលដែលដាំលើដីហើយ យើងអាចកាត់ដើមនោះ បន្តដាំលើដីបានទៀត។

លោកអភិបាលខេត្ត បន្តថា ឆ្លងកាត់ការធ្វើតេស្តពិសោធន៍រយៈពេលកន្លងមក យើងឃើញថា គ្រាប់ពូជដំឡូងមីនេះ មានលក្ខណៈពិសេស៖ ទី១-ធន់នឹងអាកាសធាតុ, ទី២-ធន់នឹងជំងឺ មិនពិបាកបាញ់ថ្នាំសត្វល្អិត និងទី៣-ម៉ឺមដំឡូងមានទម្ងន់ធ្ងន់ សម្បូរម្សៅ ប្រសើរជាងពូជដំឡូងមី ដែលបងប្អូនកំពុងបង្កបង្កើនផលបច្ចុប្បន្ន មិនសូវសម្បូរម្សៅ តែសម្បូរជាតិទឹកច្រើន។

លោក ខូយ រីដា បានបន្ថែមថា ទិន្នផលនៃពូជដំឡូងមី (ពូជថ្មី) តាមការសាកល្បង ១ហិកតាគិតជាមធ្យម ចន្លោះពី៦០ ទៅ១០០តោន ខណៈដែលពូជដំឡូងមីធម្មតា បងប្អូនប្រជាពលរដ្ឋយើងដាំបាន ១ហិកតាគិតជាមធ្យម ចន្លោះពី១០ ទៅ២០តោនតែប៉ុណ្ណោះ។

លោកអភិបាលខេត្ត បានញ្ជាក់ថា គ្រាប់ពូជដំឡូងមី (ពូជថ្មីនេះ) គឺជាកាដូរពិសេស របស់លោក លាវ វួយ អគ្គនាយកក្រុមហ៊ុន អរឡាសាន ខេមបូឌា ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ និយាយជារួមនឹងនិយាយដោយឡែក ប្រជាពលរដ្ឋក៏ដូចជាគ្រួសារអតីតយុទ្ធជន ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដែលជាភូមិគំរូមួយក្នុងខេត្តមានអាទិភាពខ្ពស់ គឺពួកគាត់បានធ្វើតេស្តសាកល្បង ធ្វើការដាំដុះបានមុនគេ។

លោកបានបន្ថែមទៀតថា ការលះបង់របស់លោក លាវ វួយ និងក្រុមគ្រួសារ គឺល្អខ្លាំងណាស់ ចំពោះបងប្អូនគ្រួសារអតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងយើង ដោយពួកគាត់មិនត្រឹមតែផ្តល់ពូជ និងផ្តល់បច្ចេកទេសដាំដុះប៉ុណ្ណោះទេ ពួកគាត់ក៏បានប្តេជ្ញាថានឹងជួយរកទីផ្សារ ព្រមទាំងផ្តល់ការភ្ជួរ និងមានគ្រឿងចក្រទំនើបៗ ក្នុងការដាំដុះផងដែរ។

លោក ខូយ រីដា ក៏សូមថ្លែងអំណរគុណ ចំពោះទឹកចិត្ត របស់លោក លាវ វួយ និងក្រុមគ្រួសារ ដែលជាជនជាតិចិន មានការប្រទានសញ្ជាតិខ្មែរ ពីព្រះករុណាជាអម្ចាស់ ដែលបានលះបង់ និងប្រើប្រាស់ជីវិតផ្ទាល់ខ្លួន ធ្វើការពិសោធន៍ពូជដំឡូងមី (ពូជថ្មី) រហូតទទួលបានជោគជ័យ ដើម្បីផ្តល់ជូនប្រជាជនក្នុងខេត្តពោធិ៍សាត់ ធ្វើការដាំដុះ បង្កបង្កើនផល បង្កើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ៕