(សៀមរាប)៖ លោក អ៊ាន ឃុន ទីប្រឹក្សារាជរដ្ឋាភិបាល បានលើកឡើងថា ទិវាជាតិនៃការចងចាំ ២០ ឧសភា បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មនៅកម្ពុជា ព្រមទាំងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលបានកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជា ទប់ស្កាត់ និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះ កើតមានឡើងសាជាថ្មី។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក អ៊ាន ឃុន នៅក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលរៀបចំឡើងដោយអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅវត្តទេពពោធិ៍វង្ស (ហៅវត្តថ្មីឬវត្តក្បាលខ្មោច) ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម (សិរីសុវណ្ណោ) គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា និងព្រះមេគណទាំងពីរគណៈ មន្រ្តីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស គរុសិស្ស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី និងប្រជាពលរដ្ឋជាច្រើន។
លោក អ៊ាន ឃុន បានបន្តថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននិងកំពុងជំរុញនូវការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ឆ្ពោះទៅកាន់វឌ្ឍនភាព កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ជាបន្តបន្ទាប់ប្រកបដោយមោទកភាព តាមរយៈការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារ៉ាម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធទឹកស្អាត អគ្គិសនី និងការទាក់ទាញវិនិយោគជាច្រើនមកអភិវឌ្ឍផងដែរ។
លោកបន្តថា តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ដោយឈរលើស្មារតីសាមគ្គីភាព និងឯកភាពជាតិក្នុងគោលដៅ បង្រួបបង្រួមប្រជាជាតិទាំងមូលក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ សង្គ្រាមរាំរ៉ៃដោយពុំមានការបង្ហូរឈាមជាតិសាសន៍ឯង សំដៅស្តាឡើងវិញ រក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ព្រមទាំងកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ ស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។
លោកបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកសូមគាំទ្រជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ឥស្សរជន និងអង្គការនានា ទាំងនៅក្នុងប្រទេស និងនៅជុំវិញពិភពលោក ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ពុំគិតការនឿយហត់ជាង ៤៦ឆ្នាំកន្លងមក ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ឈានទៅសម្រេចជោគជ័យជាស្ថាពរ ដោយធានាបាននូវសន្តិភាព ការបង្រួបបង្រួមជាតិអធិបតេយ្យភាព និងការអភិវឌ្ឍ ខិតខំពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិទាំងមូលឱ្យបានរឹងមាំប្រកបដោយចីរភាព។
លោកបន្តថា គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនៃយើងទាំងអស់គ្នា និងបន្តគាំទ្រពេញទំហឹង និងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី រួមគ្នាការពារថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេស សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ និងប្តេជ្ញាការពារដាច់ខាតនូវខឿនឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយនេះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋ ត្រូវសិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះកុំឲ្យកើតមានសាជាថ្មី នៅលើទឹកដីសុវណ្ណភូមិរបស់យើង និងសូមចូលរួមគាំទ្រ និងថែរក្សាសន្តិភាព ដើម្បីបង្កបរិយាកាសដ៏ល្អឱ្យមានការរីកចម្រើនថែមទៀត សម្រាប់ប្រជាជនកម្ពុជា៕