(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា យើងត្រូវចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

ការលើកឡើងរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីយ៉ាងដូច្នេះ ក្នុងឱកាសដែលរដ្ឋបាលខេត្តប្រារព្ធទិវា ជាតិនៃការចងចាំ ថ្ងៃទី២០ ឧសភា នៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៥។

លោក ញ៉ែម សំអឿន បន្តថា ទិវានេះជាការរម្លឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជា៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹក ភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។

រាជរដ្ឋាភិបាលបាន គូសយ៉ាងច្បាស់ថា ដើម្បីកុំឱ្យរបប នេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាព បានឲ្យបានគង់វង្ស ពីព្រោះ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

គួររម្លឹកដែរថា របបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជា ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ចាប់ពីខែមេសាឆ្នាំ១៩៧៥ ដល់ខែមករាឆ្នាំ១៩៧៩ ដែលរបបនេះបានសម្លាប់ពលរដ្ឋខ្មែរជាង ៣លាននាក់ ដោយការកាប់សម្លាប់ ទារុណកម្ម បង្អត់បាយ បង្ខំឱ្យពលរដ្ឋខ្មែរធ្វើការហួសកម្លាំងជាដើម។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ពោលគឺចាប់តាំងពីឆ្នាំ១៩៨៣មក កម្ពុជាបានប្រារព្ធទិវានៃការចងចាំ ដែលកន្លងទៅត្រូវបានគេហៅថា ទិវាចងកំហឹង និងរបបប្រល័យពូជសាសន៍។ 

មូលហេតុដែលរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២០ ឧសភានេះ ក៏ព្រោះតែកាលពីឆ្នាំ១៩៧៣ របបខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃកំណើតសហករណ៍របស់ខ្លួន នៅតាមតំបន់រំដោះ និងបន្តអនុវត្តន៍ រហូតពេលពួកខ្លួនគ្រប់គ្រងអំណាចនៅកម្ពុជា ហើយ គោលនយោបាយនេះ ធ្វើឱ្យប្រទេសកម្ពុជាទទួលរងនូវសោកនាដកម្ម រងទុក្ខខ្លោចផ្សា និរាសព្រាត់ប្រាស និងរលាយរលត់ធ្លាក់ដល់ចំណុចសូន្យ។

ម្យ៉ាងវិញទៀត ដោយយោងតាមអនុក្រឹត្យស្តីពីទិវាជាតិនៃការចងចាំ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ បានសម្រេចកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃ ប្រារព្ធទិវាជាតិនៃការចងចាំ សម្រាប់ជាការរម្លឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ បុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើង ការរម្លឹកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះបីជា នៅរស់ ឬបានបាត់បង់ជីវិតក៏ដោយ ត្រូវបានប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ ជនរងគ្រោះ និងក្រុមគ្រួសារ ដើម្បីចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានអំពី សុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹង អំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី ម្តងទៀតបាន៕