(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសបដិសេធចំពោះគណនី Facebook (គ្រប់គ្រងដោយជនអនាមិក) ដែលបានបង្ហោះចែកចាយក្នុងបណ្តាញទំនាក់ទំនង សង្គម និងប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែវេបសាយ (website) ចំនួន២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ រួមមាន៖
*ទី១៖ www.norodomsihamoni.org/ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
*ទី២៖ www.norodomsihanouk.info/ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្រៅពីវេបសាយ (website) ផ្លូវការទាំង២ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរបស់ក្រសួងព្រះបរមរាជវាំងឡើយ។
ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវ និងក្រើនរំលឹកសាជាថ្មីដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំងខាងលើ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា និងសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕