(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជនបទ១ខ្សែ ក្រាលគ្រួសក្រហម ប្រវែង ៦គីឡូម៉ែត្រ មានទីតាំងពីភូមិក្រយាជើង ទៅភូមិសង្វាត ឃុំក្រយា ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក និងអំពាវនាវឱ្យជាពលរដ្ឋចូលរួមជួយថែទាំផ្លូវទាំងអស់គ្នា ដើម្បីការរប្រើប្រាស់បានយូរ និងចូលរួមគោរពច្បាប់ចរាចរណ៍ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
លោក នួន ផារ័ត្ន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប។
លោកសំណូមពរអ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឲ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។
លើសពីនេះទៀត លោកសូមអំពាវនាវប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។
លោក នួន ផារ័ត្ន បន្តថា ផ្លូវមួយខ្សែនេះពិតជាបានជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនកសិផលផ្សេងៗ ជាពិសេសនោះជួយសម្រួលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងការចូលរួមលើកកម្ពស់ជីវភាព រស់នៅ និងការកាត់បន្ថយភាពក្រីក្រ។
លើសពីនេះទៀត រាជរដ្ឋាភិបាលបច្ចុប្បន្នបាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕