(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។
ការចុះពិនិត្យវឌ្ឍនភាពនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក Kento Hijikawa លេខាទូតទី២ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Sanui Kazumasa តំណាងអង្គការ JICA ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារដំឡើងទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលមានចំនួន៥ទ្វារ ខណៈសំណង់ទ្វារទឹកចាស់បានសាងសង់ឡើងក្នុងឆ្នាំ១៩៧៤ និងបានចុះពិនិត្យការដ្ឋានសំណង់បង្ហៀរទឹកកំពង់ដង្កោ នៃអនុគម្រោងកណ្តាលស្ទឹងបាទីស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់លើគុណភាពទៅតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាពការងារ និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ព្រមទាំងសំណូមពរដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់ការងារក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ គម្រោងនេះចែកជាពីរអនុគម្រោង ទី១. អនុគម្រោងរលាំងជ្រៃស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី២. អនុគម្រោងកណ្តាលស្ទឹងបាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ស្រោចស្រពលើផ្ទៃដីស្រែសរុបប្រមាណជាង ២ម៉ឺនហិកតា៕