(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថាកម្ពុជាមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសណានោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោគពីគ្រប់ប្រទេស។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរ​ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល​ជាមួយ​កម្មករនិយោជិតជាង៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ថ្លែងទៅកាន់អង្គពិធី, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីគោលជំហរម្ដងទៀតរបស់កម្ពុជា ដោយមិនប្រកាន់ចំពោះអ្នកវិនិយោគមកពីប្រទេសនេះ ឬប្រទេសនោះឡើយ ពោលគឺស្វាគមន៍អ្នកវិនិយោគពីគ្រប់ប្រទេស មិនថា ចិន អាមេរិក និងប្រទេសដទៃៗទៀត ដូចអ្វីដែលសម្ដេចធ្លាប់លើកឡើងបញ្ជាក់ជារឿយៗ។

សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «នៅពេលដែលអាមេរិក និងចិន មានការចរចារគ្នារឿងពាណិជ្ជកម្ម គេចោទថារដ្ឋាភិបាលខ្មែរយកស្ពៃ យកសាច់គោ ហើយខ្ញុំធ្លាប់និយាយម្ដងហើយនៅកំពត មិនថាស្ពៃ មិនថាសាច់គោ​ មិនថាបង្គា បង្កង កំពឹស មិនថាផ្លែឈើ កម្ពុជាយកទាំងអស់មិនថាប្រទេសណាទេ។​ ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ពិតណាស់ផ្ដួចផ្ដើមដោយរដ្ឋាភិបាលកម្ពុជា-ចិន តែក៏មានរោងចក្រសហគ្រាសពីអាមេរិក ពីបារាំង ពីអឺរ៉ុប ពីប្រទេសផ្សេងៗនៅទីនេះ បានន័យថាយើងយកទាំងអស់ ដោយមិនប្រកាន់រើសអើងអ្នកណាទេ»

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានបញ្ជាក់បន្ថែមថា សូម្បីតែប្រទេសមហាអំណាចមិនរើសអើងគ្នាផង តាំងពីការចរចារឡើងកម្ដៅដាក់គ្នារហូតមកត្រជាក់វិញ ដូច្នេះយើងអាចសន្មតថាពិភពលោកមិនអាចរស់ខ្វះគ្នាបានទេ ហើយកម្ពុជារឹតតែគ្មានជម្រើសជ្រើសប្រទេសណាចោលប្រទេសណាដែរ ដើម្បីសេដ្ឋកិច្ចរបស់ជាតិ ដោយផ្ដល់ការងារជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់៕