(ភ្នំពេញ)៖ កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា ផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ ២០២៥-២០៣០ នឹងក្លាយជាផែនទីបង្ហាញផ្លូវ ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលច្បាប់បានប្រគល់ឱ្យ។
ការលើកឡើងបែបនេះរបស់កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥-២០៣០) នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ តាមក្រសួង ស្ថាប័ន វិស័យឯកជន សង្គមស៊ីវិល និងក្លិបអ្នកកាសែតកម្ពុជា ប្រមាណ ១៥០រូប។
នាឱកាសនោះ កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង បានថ្លែងថា កិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាលទី៤ (២០២៥-២០៣០) ដើម្បីណែនាំ និងផ្សព្វផ្សាយបន្តនៅតាមក្រសួងស្ថាប័ន អង្គភាព ផ្ទាល់ខ្លួន នូវសកម្មភាព និងការងារសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការចូលរួមជាមួយរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ក្លៀវក្លា និងថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីប្រយុទ្ធប្រឆាំងអំពើពុករលួយ។
អនុលោមតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយត្រូវរៀបចំ និងដាក់ចេញឱ្យអនុវត្តររៀងរាល់ ៥ឆ្នាំម្តង ដែលថ្ងៃនេះអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. ឬ ACU បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយដំណាក់កាលទី៤ (២០២៥-២០៣០)។
កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង បានបន្តថា យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ឆ្នាំ២០១១ ស្ថាប័នប្រឆាំងអំពើពុករលួយត្រូវ បានបង្កើតឡើងដោយក្នុងនេះរួមមានអង្គ ០២ គឺ ក.ជ.ប.ព. និង អ.ប.ព.។ ក.ជ.ប.ព. ដែលរួមមាន សមាសភាព ១១រូប មកពីគ្រប់ស្ថាប័នពាក់ព័ន្ធសំខាន់ៗ មានតួនាទីត្រួតពិនិត្យមើល ផ្តល់អនុសាសន៍ តម្រែតម្រង់ទិស និងដាក់ចេញផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដើម្បី អ.ប.ព. អនុវត្តតាម ហើយការអនុវត្តការងាររបស់ អ.ប.ព. នឹងត្រូវ ក.ជ.ប.ព. រាយការណ៍ប្រចាំឆមាស - ឆ្នាំ ជូនទៅ នាយករដ្ឋមន្ត្រី។
អ.ប.ព. ជាស្ថាប័នឯករាជ្យមានតួនាទីអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ដឹកនាំការងារអប់រំ និងបង្ការទប់ស្កាត់ និងជំរុញការចូលរួម និងសហប្រតិបត្តិការពីសំណាក់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ក្នុងសង្គម។ អង្គទាំង០២ មានតួនាទីដាច់ដោយឡែកពីគ្នា តែបំពេញឱ្យគ្នាដើម្បីគោលដៅរួមរបស់រាជរដ្ឋាភិបាល ដែលតែងតែដាក់ចេញគោលនយោបាយ និងកម្មវិធីដឹកនាំជាច្រើន អាណត្តិមកហើយ គាំទ្រ និងជំរុញការកសាងសង្គមស្អាតស្អំ ស្ថាប័នស្អាតស្អំ សំដៅទទួលបាននូវ បរិយាកាសអំណោយផលដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាពយូរអង្វែង ទាក់ទាញ ការវិនិយោគ និងកាត់បន្ថយភាពក្រីក្រ។
ដូចអាណត្តិមុនៗដែរ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដំណាក់កាល ទី៤ (២០២៥-២០៣០) ត្រូវបានបន្ស៊ី និងសម្របតាមកម្មវិធីគោលនយោបាយរដ្ឋ ដោយរួមមាននូវ ចំណាត់ការ និងសកម្មភាពការងារនានាដែលចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជារួមផង គាំទ្រដល់ការងារកំណែទម្រង់នានាដោយស្ថាប័នសាធារណៈពាក់ព័ន្ធគាំទ្រដល់វិស័យ ឯកជន និងសាធារណជនទូទៅ គាំទ្រដល់ការបំពេញកាតព្វកិច្ចកម្ពុជាមានចំពោះសហគមន៍ អន្តរជាតិក្នុងវេទិកាអន្តររដ្ឋាភិបាលនានាដូចជា៖ វេទិកាអាស៊ានផេក (ASEAN-PAC)- អ៊ុនកាក់ (UNCAC) - APG ជាដើម។
សកម្មភាពដែលបានរំលេចឡើងក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ រួមមាន ការងារខ្លះដែលបន្តពីផែនការមុន ខ្លះមិនទាន់បានអនុវត្ត ខ្លះត្រូវបានកែសម្រួល និងខ្លះត្រូវ បានកំណត់ថ្មីស្របតាមបរិបទជាក់ស្តែង និងការវិវត្តផ្លាស់ប្តូរថ្មី និងជំនឿថា ជាមួយនឹងធាតុចូលបន្ថែម ទាំងក្នុងថ្ងៃនេះ និងពេលបន្ទាប់មុនផែនការយុទ្ធសាស្ត្រត្រូវបានអនុម័ត ពីសំណាក់សមាជិកអង្គប្រជុំ យើងនឹងទទួលបាននូវផែនការមួយដែលកាន់តែឆ្លើយតប ទៅនឹងតម្រូវការ និងក្តីប្រាថ្នាចង់បានរបស់យើងទាំងអស់គ្នា នោះគឺការនាំយកមកជូនជាតិ ជូនពលរដ្ឋ នូវសង្គមកម្ពុជាមួយកាន់តែល្អ និងសស្អាត។
ការងារ៥ឆ្នាំទៅមុខនឹងបន្តផ្តោតលើការដ្ឋានយុទ្ធសាស្ត្រ៦ គឺទី១៖ អប់រំ, ២៖ បង្ការ ទប់ស្កាត់, ៣៖ អនុវត្តច្បាប់បង្ក្រាប, ៤៖ ក្របខណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ, ៥៖ កិច្ចសហការជាតិ អន្តរជាតិ និងការរឹបអូសផលនៃបទល្មើស និងទី៦៖ ពង្រឹងសមត្ថភាព និងសុចរិតភាព ស្ថាប័នសាធារណៈ និងការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រ ជាមួយនឹងការពង្រឹងការអនុវត្តរបបរាយការណ៍ និងការផ្សព្វផ្សាយអំពីសមិទ្ធផលការអនុវត្តផែនការយុទ្ធសាស្ត្រជាតិឱ្យ បានទូលំទូលាយ។ ក្នុងយុទ្ធសាស្ត្រទាំង៦ ការដ្ឋាននេះសកម្មភាពគន្លឹះៗ ចំនួន១៥ នឹងត្រូវរំលេចឡើងសំដៅពង្រឹងប្រសិទ្ធភាពការងារ ពង្រីកវិសាលភាពនៃការអនុវត្តគាំទ្រដល់កិច្ចប្រឹងប្រែងកំណែទម្រង់រដ្ឋឱ្យបានកាន់តែមានផ្លែផ្កា បង្កើនកិច្ចសហប្រតិបត្តិការនិងការផ្តុំកម្លាំង ដើម្បីប្រយោជន៍ សាធារណៈ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចកម្ពុជាមានក្នុងឆាកអន្តរជាតិ។
គួរជម្រាបថា សម្រាប់ពិធីបិទកិច្ចប្រជុំនឹងធ្វើឡើងក្រោមអធិបតីភាពលោក តុប ស់ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។ មួយថ្ងៃពេញនៃកិច្ចប្រជុំ មានការធ្វើបទបង្ហាញរបស់អ្នកជំនាញពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ផ្តោតសំខាន់លើកាតព្វកិច្ចរបស់កម្ពុជាចំពោះអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងអំពើពុករលួយ (UNCAC) និងហេតុអ្វីត្រូវមានយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ? បទបង្ហាញអំពីការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដើម្បីអ្នកចូលរួមកិច្ចប្រជុំបានស្វែងយល់អំពីសារបាន គោលបំណង ឆន្ទៈ និងទិសដៅការងារប្រឆាំងអំពើពុករលួយសម្រាប់ ៥ឆ្នាំទៅមុខទៀត, ការពិភាក្សា និងប្រមូលធាតុចូល ពីគ្រប់ភាគីលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយជាតិ ដើម្បីគាំទ្រគោលនយោបាយ និងកម្មវិធី ដឹកនាំលើកាន់រារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ក្លៀវក្លា និងថាមពល របស់សម្តេចមហាបវាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីប្រើប្រាស់ជាផែនទីបង្ហាញ ផ្លូវសម្រាប់ការអនុវត្តការងាររបស់ អ.ប.ព.៕