(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានបើកសវនាការសំណុំរឿងក្រុមជនសង្ស័យអ្នករត់ម៉ូតូកង់បី ដែលដឹកស្ដ្រីជនជាតិកូរ៉េម្នាក់ ដើម្បីឲ្យបក្ខពួករបស់ខ្លួនវាយប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌមានជ័យ កាលពីអំឡុងខែសីហា ឆ្នាំ២០២៤កន្លងទៅ។ បទល្មើសនេះ បានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសជាតិ ដោយសារតែក្រុមជនសង្ស័យទាំងអស់នោះ បានប្រព្រឹត្តទៅលើស្ដ្រីជនជាតិបរទេស ដែលជាភ្ញៀវទេសចរ។
ទោះបីជនត្រូវចោទ បានព្យាយាមឆ្លើយដោះសារមិនទទួលខុសត្រូវនូវកំហុសរបស់ខ្លួនក៏ដោយ នៅទីបញ្ចប់នៃអង្គសវានាការនេះ លោកព្រះរាជអាជ្ញារង សំម ឫទ្ធីវាសនា បានសម្រេចតម្កល់បទចោទ «អំពើលួចមានស្ថានទម្ងន់ទោស» ទុកជាបានការ និងបានស្នើសុំចៅក្រុមក្រុមប្រឹក្សាក្នុងសំណុំរឿងនេះ ផ្តន្ទាទោសនូវបទចោទ ដូចបានចោទប្រកាន់ខាងលើឲ្យបានធ្ងន់ធ្ងរ។
សវនាការលើសំណុំរឿងនេះ គេកត់សម្គាល់មានលោក ញឹម វិសាល ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាអមដោយចៅក្រមប្រឹក្សា២រូបទៀត និងមានលោក សំម ឫទ្ធីវាសនា ជាតំណាងអយ្យការ។ ក្រោយការបញ្ចប់ការសួរដេញដោលលើជនត្រូវចោទ តាត វណ្ណ: អមដោយមេធាវីការពារចំនួន ៣រូបផងនោះ តុលាការបានសម្រេចលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រមនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ជនសង្ស័យម្នាក់ឈ្មោះ តាត វណ្ណៈ ជាអ្នករត់ម៉ូតូកង់បី ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តបទល្មើស «លួចមានស្ថានទម្ងន់ទោស» នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ការឃាត់ខ្លួននេះ ដោយយោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ និងស្ដាប់ចម្លើយជនសង្ស័យមានភាពស៉ីសង្វាក់ពាក់ព័ន្ធជាមួយបទល្មើស៕