(ព្រះសីហនុ)៖ លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា បានធ្វើការកត់សម្គាល់ថា សមិទ្ធផលរយៈពេល១៧ឆ្នាំ នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺបង្ហាញអំពីភាពរស់រវើកនៃទំនាក់ទំនងកម្ពុជា-ចិន និងកាន់តែស៉ីជម្រៅ ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងនៅឆ្នាំ២០០៨ ដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំរបស់ចិន។
ក្នុងពិធីអបអរសាទរ នៃការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ លោកឯកអគ្គរដ្ឋទូតចិន បានអះអាងថា រហូតមកដល់សព្វថ្ងៃនេះ តំបន់សេដ្ឋកិច្ចពិសេសបានទាក់ទាញសហគ្រាស (ស្ថាប័ន) ចំនួន២០២ ដែលមកពីប្រទេស និងតំបន់នានាដូចជា ចិន អឺរ៉ុប អាមេរិក និងអាស៊ីអាគ្នេយ៍ជាដើម។
បើតាមលោក វ៉ាង វិនប៊ីន, ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្មើនឹងប្រមាណ ៧០% នៃចំនួនសហគ្រាសសរុបនៅក្នុងខេត្តព្រះសីហនុ ហើយបានបង្កើតការងារចំនួន ៣២០០០ ហើយទំហំនាំចូល និងនាំចេញសរុប មានច្រើនជាង ៧% នៃពាណិជ្ជកម្មអន្តរជាតិសរុបរបស់ប្រទេសកម្ពុជា និងបានក្លាយជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ និងក្លាយជា «ចានបាយមាស» សម្រាប់ប្រជាជនខិតខំប្រឹងប្រែង នៃខេត្តព្រះសីហនុ។
លោកបានគូសបញ្ជាក់ទៀតថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានប្រធានាធិបតី Xi Jinping សរសើរថាជា «គំរូ នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា»។ ចាប់តាំងពីការបង្កើតឡើង ពឹងផ្អែកលើការយកចិត្តទុកដាក់ផ្ទាល់ខ្លួនរបស់មេដឹកនាំចិន និងកម្ពុជា ពឹងផ្អែកលើការគាំទ្រដ៏រឹងមាំរបស់រដ្ឋាភិបាលខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ ពឹងផ្អែកលើបរិស្ថាន ពាណិជ្ជកម្មកាន់តែប្រសើរឡើងៗជាបន្តបន្ទាប់ ដោយមានការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងបានប្រែក្លាយពីព្រៃភ្នំមួយ ទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏រស់រវើក។
ឯកអគ្គរដ្ឋទូតចិនរូបនេះ បានលើកឡើងដែរថា នៅខែកន្លងទៅ ប្រធានាធិបតី Xi Jinping បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ប្រកបដោយជោគជ័យ។ សេចក្តីថ្លែងការណ៍រួម ដែលចេញដោយភាគីទាំងពីរបានបញ្ជាក់ថា «ប្រទេសចិនមានឆន្ទៈបន្តគាំទ្រការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្តោតលើចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាងតំបន់គំរូសេដ្ឋកិច្ចពហុមុខងារនៅខេត្តព្រះសីហនុ និងលើកទឹកចិត្តក្រុមហ៊ុនចិនដែលមានសមត្ថភាពកាន់តែច្រើនទៀត មកដាក់ការវិនិយោគទុននៅប្រទេសកម្ពុជា»។
លោកបន្ថែមថា ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ ការកើនឡើងនូវការការពារនិយម និងសង្គ្រាមពាណិជ្ជកម្មជាដើម កម្ពុជា-ចិន គួរតែគាំទ្រគ្នាទៅវិញទៅមក ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគគ្នា ដើម្បីធ្វើឲ្យបញ្ហាប្រឈមក្លាយទៅជាកាលនុវត្ត និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោក វ៉ាង វិនប៊ីន អះអាងថា ប្រទេសចិនមានឆន្ទៈរួមជាមួយភាគីកម្ពុជា ដើម្បីអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi មកកាន់ប្រទេសកម្ពុជា ពង្រឹងការតភ្ជាប់គ្នា នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជាមួយនឹង «យុទ្ធសាស្ត្របញ្ចកោណ» ជំរុញការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឲ្យប្រកបដោយកម្រិតខ្ពស់ភាវូបនីយកម្ម បៃតងភាវូបនីយកម្ម ឌីជីថលភាវូបនីយកម្ម និងអន្តរជាតូបនីយកម្ម ផ្តល់ជំនួយដល់ភាគីកម្ពុជាដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ របស់ខ្លួន និងបន្តចាក់កម្លាំងជំរុញទៅក្នុងការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវ ក្នុងយុគសម័យថ្មីចិន-កម្ពុជា៕