(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិចំនួនពីរ ក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅបរិវេណវត្តស្វាយអៀ។

ការប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះគឺមានចំនួន ៣,៣៥៧បណ្ណ ស្មើនឹង ១,៣៤០ គ្រួសារ ក្នុងនោះភូមិនាងនយ មានចំនួន ១,៣៧៩ បណ្ណ ស្មើនឹង ៥៦៤គ្រួសារ និងភូមិជីអាប់ មានចំនួន ១,៩៧៨ បណ្ណ ស្មើនឹង ៧៧៦គ្រួសារ។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានមានប្រសាសន៍រម្លឹកពីការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាជំហានមួយនៃកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យដីធ្លី សំដៅកសាងសង្គមកម្ពុជាជាភូមិឋានក្សេមក្សាន្ត ដោយធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងរក្សាបាននូវនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ។

ទន្ទឹមនឹងនេះ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តដោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដូចជាការបន្តផ្តល់នូវដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ។

ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋនាពេលនេះ គឺជាការផ្តល់នូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ធ្វើឱ្យម្ចាស់ដីស្របច្បាប់មានសន្តិភាពផ្លូវចិត្ត និងទប់ស្កាត់បាននូវការបង្កជម្លោះរឿងដីធ្លី។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់រដ្ឋបាលខេត្តកំពង់ធំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ និងបន្តចេញបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានឆាប់ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕