(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន១២គ្រួសារ នៅផ្សារពាក់ស្បែក ក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី ចឹក ហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ តំណាងលោក គីម រិទ្ធី ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោកស្រី ចឹក ហេង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ ផ្ញើជូនបងប្អូនរងគ្រោះដែលមានវត្តមាននៅទីនេះ និងសូមចូលរួមសោកស្តាយចំពោះហេតុការណ៍គ្រោះអគ្គីភ័យ ដែលបណ្តាលឱ្យឆេះផ្ទះ ឆេះតូបលក់ដូរ និងទ្រព្យសម្បត្តិមួយចំនួនទៀតរបស់បងប្អូនក្នុងពេលតែមួយប៉ព្រិចភ្នែក។

លោកស្រី ចឹក ហេង បានថ្លែងលើកទឹកចិត្តដល់បងប្អូនរងគ្រោះរបស់យើង សូមកុំមានការអស់សង្ឃឹម។ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន គឺមិនទុកឱ្យបងប្អូនរងគ្រោះរបស់យើងណាម្នាក់រស់នៅក្នុងភាពឯកោ ឫខ្វះខាតឡើយ។ ជាក់ស្តែង ក្រោយហេតុការណ៍គ្រោះអគ្គីភ័យនេះភ្លាម លោក ស្រី ឌឹក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជាំក្សាន្ត ក៏បាននាំយកនូវអំណាយ សម្ភារ ថវិកា មកចែកជូនបងប្អូនដែរ។

ដោយឡែកថ្ងៃនេះ សាខាកាកបាទក្រហហមកម្ពុជាខេត្តព្រះវិហារ ដោយមានការណែនាំពីលោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានដឹកនាំក្រុមការងារ និងអាជ្ញាធរស្រុកជាំក្សាន្ត នាំសម្ភារ និងថវិកា យកមកចែកជូនបងប្អូនដែរ ដែលក្នុង១គ្រួសារទទួលបានអង្ករ ចំនួន៣០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ឃីត១កញ្ចប់( សារុង១ មុង១ ភួយ១ ក្រមា១) តង់១ និងថវិកាមួយចំនួនផងដែរ៕

.