(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ នៅថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយតំណាងក្រសួង ស្ថាប័នចំនួន៤ ដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត រួមមាន (១) កិច្ចប្រជុំទ្វេភាគីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(២) កិច្ចប្រជុំជាមួយនឹងធនាគារជាតិនៃកម្ពុជានិងនិយ័តករនិងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង (៣) កិច្ចប្រជុំទ្វេភាគីជាមួយក្រសួងពាណិជ្ជកម្ម។
ក្នុងកិច្ចប្រជុំទាំង៣លើក ក្រោយពីក្រុមការងារ ក.ប.ទ. បានជម្រាបអំពីសាវតា ដំណើរការនៃការរៀបចំ ផែនការបន្ទាប់ ព្រមទាំងបទបង្ហាញអំពីខ្លឹមសារនៃសេចក្តីព្រាងនេះ ក្រសួង ស្ថាប័នបានសម្ដែងមតិគាំទ្រលើការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ និងបានផ្ដល់មតិយោបល់ល្អៗជាច្រើនសម្រាប់ការរៀបចំកំណែបន្ទាប់។
ក្រុមការងារ ក.ប.ទ. និង តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្លាស់ប្ដូរយោបល់យ៉ាងស៊ីជម្រៅនិងប្រកបដោយភាតរភាព ជ្រោមជ្រែងគ្នាទៅវិញទៅមកលើកិច្ចការពាក់ព័ន្ធ។
ជាក់ស្ដែង លោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានណែនាំឱ្យក្រុមការងារក្រសួងឧស្សាហកម្មរៀបចំកិច្ចប្រជុំអន្តរអគ្គនាយកដ្ឋានដើម្បីប្រមូលធាតុចូលឱ្យបានកាន់តែស៊ីជម្រៅលើវិស័យសំខាន់ៗ រួមមានកម្មន្តសាលនិងសហគ្រាសធុនតូចនិងមធ្យម ដើម្បីចូលរួមធ្វើឱ្យសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។
ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២០ ខែឧសភា លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក វិន ភក្ដី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា ព្រមទាំងតំណាងមកពីគ្រប់និយ័តករនិងធនាគារជាតិនៃកម្ពុជា បានចែករំលែកពីបទពិសោធនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងបានផ្ដល់មតិយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រទាំងទិដ្ឋភាពទម្រង់និងខ្លឹមសារ។
បន្ថែមលើនេះ ក្នុងកិច្ចប្រជុំជាមួយ លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករដ្ឋលេខាធិការ បានផ្លាស់ប្ដូរយោបល់លើកាលានុវត្តភាពនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងផែនការការងាររបស់ក្រសួងពាណិជ្ជកម្ម និងកិច្ចសហការរវាងក្រសួងទាំងពីរ។
ជារួម ក្រសួង ស្ថាប័នពាក់ព័ន្ធបានសម្ដែងការគាំទ្រនិងចូលរួមផ្ដល់មតិយោបល់យ៉ាងផុសផុល សំដៅធ្វើឱ្យសេចក្ដីព្រាងយុទ្ធសាស្ត្រនេះក្លាយជាឯកសារជាតិ ដែលសមស្របនឹងកាលានុវត្តភាពជាក់ស្ដែងនៅកម្ពុជា និងអាចគាំទ្រការប្រើប្រាស់និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយទំនុកចិត្ត ការទទួលខុសត្រូវ និងសីលធម៌នៅកម្ពុជា។
គិតត្រឹមរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក.ប.ទ. បានជួបប្រជុំជាទ្វេភាគីនិងពហុភាគីជាមួយក្រសួង ស្ថាប័នចំនួន៣៤ ក្នុងកិច្ចប្រជុំសរុបចំនួន ១០លើក។ ជាជំហានបន្ទាប់ ក្រុមការងារ ក.ប.ទ. នឹងបូកសរុបមតិយោបល់ទាំងអស់ ដើម្បីកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិ ស្ដីពីបញ្ញាសិប្បនិម្មិត មុននឹងពិគ្រោះយោបល់ជាមួយវិស័យឯកជននិងភាគីពាក់ព័ន្ធ មុននឹងឈានដល់សិក្ខាសាលាថ្នាក់ជាតិនាពេលខាងមុខ៕