(សៀមរាប)៖ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានអំពាវនាវដល់អាណាព្យាបាល ត្រូវជួយជំរុញកូនៗឲ្យមករៀននូវជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបាននូវលទ្ធផលនៃសិក្សាបានល្អប្រសើរ។ ក្នុងនោះលោកគ្រូ អ្នកគ្រូ នៅសាលារៀន អូគូលែន ហ្រ្វីស្គូល (EAU KULEN FREE SCHOOL) ត្រូវធ្វើបែបណាកុំឲ្យម៉ោងសិក្សារបស់យើងជាន់គ្នាទៅនឹងម៉ោងសិក្សារបស់សាលារៀនរដ្ឋ ព្រោះឃើញមានម៉ោងសិក្សាមួយចំនួនជាន់គ្នា។

ការអំពាវនាវយ៉ាងដូច្នេះរបស់លោក រិន ឡូត បានធ្វើឡើងនៅក្នុងវិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃសាលា អូគូលែន ហ្រ្វីស្គូល ស្ថិតនៅភូមិកកោះជ្រុំ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី, លោក រ៉ូឡែន ពីណុល ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន គូឡារ៉ា វ៉ធើរ និងអ្នកស្រី អនុចការ ហ្វរ៉េ ជាម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធ រ៉ែធម្មជាតិ អូ គូលែន ព្រមទាំងអាជ្ញាធរមូលដ្ឋាន, អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់។

លោកអភិបាលស្រុកបានថ្លែងបន្តថា បើកសាលាឥតគិតថ្លៃនេះ ដើម្បីបំពេញតម្រូវការផ្នែកអប់រំ អភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ ជាពិសេសម្រាប់សហគមន៍ ក្នុងភូមិកកោះជ្រុំ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សាលា អូគូលែន ហ្វ្រីស្គូល ផ្តោតទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស ដោយឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ក្នុងស្រុក ដើម្បីអភិវឌ្ឍជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស សម្រាប់សិស្ស និងយុវជន។

លោកបន្តថា វាជាការចូលរួមអភិវឌ្ឍជំនាញ ឲ្យស្របទៅនឹងសង្គមបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត គោលនយោបាយបញ្ចកោណ( Pentagon ) ដើម្បីអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា។

ក្រៅពីនេះស្រុកបន្ទាយស្រី ក៏មានសក្តានុពលខ្លាំងផ្នែកទេសចរណ៍ផង ហើយភ្ញៀវទេសចរអន្តរជាតិមកទស្សនា ប្រាសាទបន្ទាយស្រីកើនឡើងខ្លាំងផងដែរ។ ដូច្នេះ អាជ្ញាធរគួរតែផ្តល់អាទិភាពដល់ការអភិវឌ្ឍធនធានមនុស្ស ដើម្បីឲ្យយុវជន អាចរកការងារធ្វើ និងអាចសន្ទនាជាមួយភ្ញៀវបរទេសបានយ៉ាងងាយស្រួល។

យោងតាមក្របខណ្ឌនៃគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ បានកំណត់នូវគោលការណ៍ណែនាំសម្រាប់ការចូលរួម និងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យ ពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជនក្នុងស្រុក ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យផ្សេងៗ។ 

ជាពិសេសបច្ចុប្បន្ន រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស នវានុវត្តន៍ ប្រព័ន្ធបច្ចេកវិទ្យា និងសង្គមឌីជីថល។

សូមបញ្ជាក់ថា គម្រោងសាងសង់សាលារៀនឥតគិតថ្លៃនេះ កើតចេញមកបាន ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ក្នុងការជួយជ្រោមជ្រែងអនាគតរបស់យុវជនកម្ពុជាតាមរយៈការអប់រំ។ សាលារៀន អូ គូលែននៅ ស្រុកបន្ទាយស្រីនេះ នឹងផ្តល់ការបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រដោយឥតគិតថ្លៃទៅកាន់ក្មេងៗនៅតំបន់នេះ ផ្ទាល់ និងបណ្តាតំបន់ដែលនៅជុំវិញ។

ការបើកសាលារៀននេះ គឺជាការផ្តល់ឱកាសឱ្យក្មេងៗ ដែលរស់នៅក្នុងសហគមន៍ដាច់ស្រយាល ទទួលបានឱកាស ក្នុងការពង្រីកចំណេះដឹង ពង្រឹងការរៀនសូត្របន្ថែមលើជំនាញដែលចាំបាច់នៅក្នុងជីវិតរបស់ពួកគេ លើសពីនេះ រាំក៏ជាផ្នែកមួយដែលជួយឱ្យពួកគេមានអនាគតដែលល្អប្រសើរនឹងមានលំនឹងផងដែរ។

«ការអប់រំ គឺជាធាតុដ៏មានឥទ្ធិពលដែលអាចជម្រុញឱ្យមានការអភិវឌ្ឍន៍» អ្នកនាង Anouchka Forey នាយិកាក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានមានប្រសាសន៍ដូច្នេះ ហើយបានបន្តទៀតថា «ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ជឿជាក់ថា កុមារគ្រប់ៗគ្នាគួរតែទទួលបានឱកាសក្នុងការសិក្សារៀនសូត្រ បង្កើនចំណេះដឹងដើម្បីបើកទ្វារទៅរកឱកាសដ៏ប្រពៃនៃជីវិត។ សាលារៀនឥតគិតថ្លៃ អូ គូលែន បង្កើតឡើងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើង ចំពោះការអភិវឌ្ឍន៍ដែលប្រកបដោយចីរភាព និងសមភាពសង្គមនៅកម្ពុជា»៕