(ភ្នំពេញ)៖ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា និងមាតាបិតាសិស្ស បន្តកិច្ចសហការយ៉ាងជិតស្និទជាមួយគ្នា ដើម្បីផ្ដល់ការអប់រំពីសុខសុវត្ថិភាពពេលធ្វើដំណើរទៅសាលា និងសកម្មភាពប្រចាំថ្ងៃ។

បើតាមកិច្ចសម្ភាសតាមប្រព័ន្ធអនឡាញជាមួយ អង្គភាព Fresh News, លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់ការអប់រំនៅតាមសាលារៀនក៏ដូចជាគុណភាពនៃការសិក្សា ក្រសួងអប់រំបានពង្រឹងការគ្រប់គ្រងនៅតាមសាលារៀនរៀបចំឱ្យស្ដង់ដារសាលារៀនគំរូមត្តេយ្យសិក្សា មធ្យមសិក្សា។ ក្រៅពីនេះយើងក៏បានរៀបចំឱ្យមានសាលាជំនាន់ថ្មីចំនួន១៤នៅទូទាំងប្រទេស ដែលមានកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ។

បើតាមការបញ្ជាក់របស់លោកស្រី, មកដល់ឆ្នាំ២០២៥នេះក្រសួងបានទទួលស្គាល់សាលារៀនជាសាលាគំរូសរុបចំនួន ២៦៤សាលាទាំងកម្រិតមត្តេយ្យសិក្សា ដល់វិទ្យាល័យ។ លោកស្រី បានបន្តថាសាលាគំរូ គឺជាសាលាដែលមានស្តង់ដាចំនួន៥ ដូចជាលទ្ធផលសិក្សារបស់សិស្ស, ការបង្រៀននិងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។

បន្ថែមពីនេះ លោកស្រី បានបញ្ជាក់ថា៖ «សាលារៀនមួយដែលអាចអនុវត្តបានដោយជោគជ័យនូវគោលនយោបាយដែលក្រសួងបានដាក់ចេញ ក៏ដូចជាធានាភាពអប់រំបានខ្ពស់នោះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលនៅក្នុងនោះមានទាំងគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស សហគមន៍ ក៏ដូចជាសិស្សានុសិស្សផ្ទាល់ផងដែរ»។

ជាមួយគ្នានេះ លោកស្រី បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា និងមាតាបិតាសិស្ស បន្តកិច្ចសហការយ៉ាងជិតស្និតក្នុងការលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្ស តាមរយៈការចូលរួមអនុវត្តគោលនយោបាយប្រែក្លាយសាលារៀនឱ្យទៅជាសាលារៀនដែលមានស្ដង់ដារសាលាគំរូ៕