(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលរៀបចំឡើងនៅប្រទេសម៉ាស៊ី នាសប្តាហ៍ក្រោយ គឺចាប់ពីថ្ងៃទី២៦ ដល់២៧ ខែឧសភា ឆ្នាំ២០២៥។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ ធ្វើឡើង តបតាមការអញ្ជើញរបស់លោក ដាតុ ស៊េរី អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងផងដែរថា អញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
បើតាមក្រសួងការបរទេសកម្ពុជា ក្រោមប្រធានបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញការកសាងសហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបញ្ជាក់ឡើងវិញពីការលើកកម្ពស់ការប្តេជ្ញាចិត្តរួមគ្នារបស់តំបន់អាស៊ានដែលប្រកបដោយភាពធន់ នវានុត្តន៍ ថាមវន្ត និងផ្ដោតលើប្រជាជនជាចម្បង។
កិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងផ្តល់វេទិកាសម្រាប់អាស៊ានក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក៏ដូចប្រាស្រ័យទាក់ទងជាមួយ GCC និង ប្រទេសចិន លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅចំពោះមុខការប្រែប្រួលទិដ្ឋភាពភូមិសាស្ត នយោបាយ និងសេដ្ឋកិច្ច។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្ដេចមហាធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងទ្វេភាគីលើបញ្ហាដែលមានផលប្រយោជន៍ និងក្តីបារម្ភរួម។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងដឹកនាំគណៈប្រតិភូហោះបន្តទៅកាន់ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការ៕